ភ្នំពេញ៖ វិស័យឯកជន រំពឹងថា ការនាំចេញកសិផលរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះ នឹងអាចសម្រេចតាមកាគ្រោងទុករបស់រាជរដ្ឋាភិបាល ដោយសារកំលាំងផលិតក្នុងវិស័យកសិកម្មនៅក្នុងស្រុកបន្តអភិវឌ្ឍន៍រឹងមាំ ជាពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងបង្កើតនូវបរិយាកាសនៃការនាំចេញ។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើង នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នេះថា នៅក្នុងវិបត្តិជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងបានយ៉ាងល្អ ដែលជាចំណុចវិជ្ជមានល្អ ដល់ការដាំដុះ កែច្នៃ និងនាំចេញ ក្នុងនោះចំពោះអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ទាំងក្រុមហ៊ុន និងទាំងកសិករ គួរប្រមូលផ្តុំគ្នា ដើម្បីជម្រុញការនាំចេញដោយស្របច្បាប់ គឺធ្វើឱ្យកម្ពុជាអាចមានគោលដៅ និងទីផ្សារនាំចេញច្បាស់លាស់ប្រការទាំងនេះជាការលើកកម្ពស់ដល់កសិករខ្មែរ មានទឹកចិត្តដាំដុះបម្រើទីផ្សារនាំចេញ។
តាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ការនាំចេញកសិផលរបស់កម្ពុជាមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងជាង ១៦០ លានដុល្លារអាមេរិក ស្មើជាង ១០% ដែលក្នុងនោះស្រូវនាំចេញមានតម្លៃជាង ៣៦៨ លានដុល្លារអាមេរិក, អង្ករមានតម្លៃ ២០៤ លានដុល្លារអាមេរិក, កៅស៊ូជាង ១៨១ លានដុល្លារអាមេរិក, និងកសិផលផ្សេងទៀតមានតម្លៃជាង ៥២៣ លានដុល្លារអាមេរិកផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា នឹងបន្តសម្រេចបានកំណើនក្នុងរង្វង់ ០,៧% ក្នុងឆ្នាំ ២០២២ និង ១,១% ក្នុងឆ្នាំ ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ ៕អត្ថបទ៖ សុន រ៉ាឌី


