តាកែវ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមជនជាតិខ្មែរនៅប្រទេសបារាំង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២២នេះ បានចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំពារាម ស្រុកបាទីខេត្តតាកែវ។
លោកវេជ្ជបណ្ឌិត ឡោ គឹមសុង គ្រូពេទ្យនៅប្រទេសបារាំងដែលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៅក្នុងសមាគមនៅប្រទេសបារាំងដែលលោកបានដឹកនាំមកមានចំនួន ៨នាក់ជាគ្រូពេទ្យខ្មែរនិងបារាំងដែលមានគ្រូពេទ្យឯកទេសព្យាបាលជំងឺផ្សេងៗចំនួន៥នាក់និង គ្រូពេទ្យពិនិត្យជំងឺទូទៅចំនួន៣នាក់ព្រមទាំងក្រុមគ្រូពេទ្យនៅស្រុកខ្មែរផ្នែកជំងឺវះកាត់ក៏បានចូលរួមជួយពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគតថ្លៃផងដែរ។
លោកវេជ្ជបណ្ឌិត ឡោ គឹមសុង បានបន្តថា ការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពារាម និងឃុំក្បែរខាង គឺមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៩និងថ្ងៃទី១០ ខែសីហានេះដោយក្នុងមួយថ្ងៃៗក្រុមគ្រូពេទ្យពិនិត្យព្យាបាលអ្នកជំងឺចំនួន៤០០ទៅ៥០០នាក់ ហើយក្រៅពីព្យាបាលនិងបើកថ្នាំជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រុមគ្រូពេទ្យមកពីសមាគមប្រទេសបារាំងក៏នាំគ្នាទៅធ្វើការព្យាបាល និងពិនិត្យជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត ឡោ គឹមសុង នៅក្នុងឱកាសពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយគិតគូរសុខភាព គឺជាកត្តាចំបង និងត្រូវតែនាំគ្នាថែរក្សាឲ្យបានល្អ ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសំអាតបរិស្ថានអោយស្អាតនោះជុំវិញលំនៅដ្ឋានដែលយើងរស់នៅផងដែរ។
អ្នកស្រី ឈឹត កាណា ប្រជាពលរដ្ឋរស់នៅក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវដែលបានមកពិនិត្យព្យាបាលជំងឺភ្នែកបានសំដែងនូវក្ដីស្បាយរីករាយដែលក្រុមគ្រូពេទ្យសមាគន៍ប្រទេសបារាំងចុះមកពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ថា ក្រៅពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមខ្មែរនៅប្រទេសបារាំង(SCK) ក៏បានចែកសម្ភារៈសិក្សាមួយចំនួនដល់ប្អូនៗក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាក្នុងឃុំពារាម ស្រុកបាទីផងដែរ៕ អត្ថបទ គុជ វិភាគ







