បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃ ១៥លានផោនក្នុងការនាំយកខ្សែបម្រើ Adrien Rabiot ពីសេះបង្កង់ Juventus នៅឡើយតែរង់ចាំការសំរេចចិត្តរបស់ម្តាយប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Suns។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបានស្ថិតនៅក្រៅជំរើសនៅ Juventus ខណៈកិច្ចសន្យារបស់គេនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។ ការមកដល់របស់ Adrien Rabiot នឹងជួយដោះស្រាយបញ្ហាខ្សែបម្រើនៅ Manchester United ខណៈការបើករដូវកាលថ្មីកាលពីថ្ងៃអាទិត្យចាញ់ Brighton ក្នុងទឹកដីខ្លួនឯង ១-២។
Adrien Rabiot បានផ្លាស់ទៅកាន់ Juventus កាលពីឆ្នាំ២០១៩ ក្រោយចាកចេញពី Paris Saint Germain ដោយគ្មានតម្លៃផ្ទេរ។ ការមកដល់របស់ Adrien Rabiot មិនបានធ្វើឱ្យ Manchester United បញ្ចប់ការចង់បាន Frenkie de Jong ពី Barcelona ដោយកីឡាករហូឡង់រូបនេះនៅតែគោលដៅចំបងរបស់អ្នកចាត់ការ Erik ten Hag៕
អត្ថបទ៖នាង សុភាវុធ