បាល់ទាត់៖ ក្លិបអ៊ីតាលី Inter Milan បានបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធស៊ីលី Alexis Sanchez ហើយដោយការព្រមព្រៀងពីភាគីទាំងពីរ។ កីឡាករជំរើសជាតិស៊ីលីរូបនេះស៊ុតបញ្ចូលទី ២០គ្រាប់ក្នុងការបង្ហាញខ្លួន ១០៩ប្រកួតជាមួយក្លិបនៅ Serie A មួយនេះតាំងពីផ្ទេរពី Manchester United ក្នុងលក្ខខណ្ឌខ្ចី និងទិញផ្តាច់នៅឆ្នាំ២០១៩។
ក្រោយមកកីឡាករវ័យ ៣៣ឆ្នាំរូបនេះបានរួមចំណែកជួយ Inter Milan ឈ្នះពានលីគកំពូលអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១ឆ្នាំនៅរដូវកាល ២០២០-២១ តែក្រោយមកក៏មិនសូវមានឱកាសលេងពេញលេញឡើយនៅរដូវកាលមុន។ Alexis Sanchez ដែលធ្លាប់រួមអាជីពជាមួយកាំភ្លើងធំ Arsenal រយៈពេល ៤រដូវកាលនោះត្រូវបានគេដឹងថា មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបបារាំង Olympique Marseille។ Inter Milan នឹងបើករដូវកាលថ្មីក្របខណ្ឌអ៊ីតាលី Serie A ថ្ងៃសៅរ៍នេះធ្វើដំណើរទៅទឹកដី Lecce៕
អត្ថបទ៖នាង សុភាវុធ