លីបង់៖ នាវាដឹកទំនិញដំបូងដែលចាកចេញពីប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិត្រូវបានជាប់គាំង បន្ទាប់ពីអ្នកទិញទំនិញរបស់ខ្លួនបដិសេធមិនទទួលយក។ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសលីបង់បានសរសេរនៅលើបណ្តាញ Twitter កាលពីថ្ងៃចន្ទថា អ្នកទិញចុងក្រោយនៅក្នុងប្រទេសលីបង់បានបដិសេធមិនទទួលយកទំនិញ ដោយសារតែការពន្យារពេលនៃលក្ខខណ្ឌដឹកជញ្ជូន។
ស្ថានទូតបាននិយាយថា អ្នកដឹកជញ្ជូនពេលនេះកំពុងស្វែងរកអ្នកទទួលទំនិញផ្សេងទៀតនៅក្នុងប្រទេសលីបង់ ឬប្រទេសផ្សេងទៀត។ នាវាដឹកទំនិញបានចាកចេញពីកំពង់ផែទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី1 ខែសីហាដោយដឹកពោតចំនួន 12,000តោន ដែលនេះបានបង្ហាញពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានបិទច្រកសមុទ្រខ្មៅ។ ជាមួយគ្នានេះនាវាចំនួន 3គ្រឿងនៃក្រុមនាវាទីពីរដែលចាកចេញពីអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ត្រូវបានត្រួសត្រាយផ្លូវដោយមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានចូលមកដល់ដែនទឹកប្រទេសទួរគីកាលពីថ្ងៃសៅរ៍៕
អត្ថបទ៖ ប៊ុនថន