បាល់ទាត់៖ ខ្សែបម្រើក្រុមហង្សក្រហម Liverpool, Thiago Alcantara ត្រូវប្រឈមអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដោយសាររបួសសរសៃពួរអំឡុងការប្រកួតដែល Liverpool ស្មើគ្នា ២-២ នៅទឹកដី Fulham ថ្ងៃបើករដូវកាលថ្មី English Premier League។

កីឡាករអេស្ប៉ាញរូបនេះនៅតែមានបញ្ហាលើកាយសម្បទារបស់ខ្លួន តាំងពីផ្លាស់មកកាន់ Liverpool នៅឆ្នាំ២០២០ ដោយបង្ហាញខ្លួនបានត្រឹម ៤៩ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ២រដូវកាលកន្លងមកនៅ Premier League។ របួសរបស់ Thiago ធ្វើឱ្យអ្នកចាត់ការ Jurgen Klopp កាន់តែឈឺក្បាលបន្ទាប់ពីកីឡាករផ្សេងទៀតមិនទាន់ជាពីរបួសដូចជា Alex Oxlade-Chamberlain, Curtis Jones និង Naby Keita តែយ៉ាងណាក្តី Liverpool គ្មានគម្រោងទិញចូលខ្សែបម្រើទៀតឡើយ។
Jordan Henderson និង Fabinho ចាប់ផ្តើម ១១នាក់ដំបូងពេលជួប Fulham រួមជាមួយ Thiago មុនត្រូវជំនួសដោយ Harvey Elliot នៅវគ្គទី២ ស្របពេល James Milner ក៏ដូរចូលគ្មានសល់ខ្សែបម្រើណាមួយឡើយនៅកៅអីបម្រុង។ Liverpool ត្រូវទទួលភ្ញៀវ Crystal Palace ចុងសប្តាហ៍នេះស្វែងរក ៣ពិន្ទុលើកដំបូងក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ