ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ផ្តើមបើកការផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងយន្តការផ្តល់អាជ្ញាបណ្ណ នៅតាមបណ្តាខ័ណ្ឌទាំង១២ ដោយការផ្សព្វផ្សាយដំបូងគឺបានចាប់ផ្តើមពីខ័ណ្ឌដង្កោ ហើយនៅក្រោយការផ្សព្វផ្សាយ ពោលចាប់ពីឆ្នាំ២០២៣ទៅ អាជ្ញាធរនឹងចុះស្រាវជ្រាវ ផាកពិន័យ ឬអាចបិទអាជីវកម្មវិញ ករណីអាជីវកម្មទេសចរណ៍នោះបើកដំណើរការគ្មាន ឬមានអាជ្ញាបណ្ណហួសសុពលភាព ។
បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ថ្លែងប្រាប់BTVនៅថ្ងៃទី០៩ ខែសីហានេះថា ក្នុងឆ្នាំ២០២២នេះ គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្ត ធ្វើអាជ្ញាបណ្ណបន្តបើកអាជីវកម្មដោយមិនគិតថ្លៃសេវានិងមិនយកពន្ធណានោះទេ ប៉ុន្តែនៅក្រោយមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងយន្តការផ្តល់អាជ្ញាបណ្ណជូនម្ចាស់អាជីវកម្មទេសចរណ៍នៅតាមបណ្តាខ័ណ្ឌចប់ទៅ មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ហើយករណីអាជីវកម្មទេសចរណ៍ គ្មាន ឬមានអាជ្ញាបណ្ណហួសសុពលភាព អាជ្ញាធរនឹងធ្វើការផាកពិន័យទឹកប្រាក់ប្រមាណ ២លានរៀល ទៅ២០លានរៀល ទៅតាមចំនួនថ្ងៃហួសសុពលភាពនោះ។
លោក បន្តថា ទោះយ៉ាងណា នៅក្នុងអំឡុងពេលនេះ មន្ត្រីជំនាញបានរកឃើញអាជីវកម្មទេសចរណ៍មានអាជ្ញាបណ្ណហួសសុពលភាពជាង ១០ទីតាំង ហើយត្រូវបានអាជ្ញាធរបានពិន័យជាប្រាក់រួចហើយ និងបានស្នើអាជីវកម្មនោះគោរពតាមនីតិវិធីស្តង់ដារអប្បបរមា SOP ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដនៅក្នុងមូលដ្ឋានអាជីកម្មផងដែរ។
បើតាមតំណាងភោជនីយដ្ឋាន សម្រស់ជើងឯក នៅខណ្ឌដង្កោ បានថ្លែងថា ជាទូទៅអាជីវកម្មភោជនីយដ្ឋានរបស់អ្នកស្រីនៅពេលអាជ្ញាបណ្ណជិតហួសថ្ងៃសុពលភាព គឺយើងបានទៅដាក់ស្នើសុំអាជ្ញាបណ្ណបន្តអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយនៅក្នុងសាលាខណ្ឌដង្កោ ដោយមិនមានការលំបាកណានោះទេ។
សូមបញ្ជាក់ថា បើតាមច្បាប់ទេសចរណ៍មាត្រា៣២៖ គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីអាជីវកម្មច្រើនប្រភេទ ត្រូវបានប្រតិបត្តិដោយបុគ្គលតែម្នាក់ចេញពីទីតាំងតែមួយប្រភេទ អាជីវកម្មនីមួយៗ ត្រូវតែមានអាជ្ញាបណ្ណផ្សេងៗគ្នា ប្រៀបដូចជាអាជីវកម្មផ្សេងគ្នា ដែលប្រតិបត្តិចេញពីទីតាំងផ្សេងគ្នាយ៉ាងដូច្នោះដែរ។ ក្នុងករណីបុគ្គលម្នាក់មានអាជីកវម្មទេសចរណ៍មួយប្រភេទហើយមានសាខាច្រើនកន្លែង សាខានីមួយៗនោះត្រូវតែមានអាជ្ញាបណ្ណទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា