ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ បានបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួនមបី នៃស្រុកមេសាង ខេត្តព្រៃវែង សម្រួលដល់ការធ្វើដំណើរនៅក្នុងមូលដ្ឋាន ជាពិសេសតភ្ជាប់ទៅស្រុករមាសហែក ខេត្តស្វាយរៀងផង។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅព្រឹកថ្ងៃទី០៩ ខែសីហា នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវ១ខ្សែនេះ គឺពិតជាមានសារសំខាន់ណាស់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួល និងឆាប់រហ័សជាងមុន ប្រកបដោយសុវត្ថិភាព ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។
ឯកឧត្តម បានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរ នៃហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ ចាប់តាំងពីទីក្រុង ដល់ជនបទ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងនាពេលនេះជាសក្ខីភាពស្រាប់ ដូច្នេះសន្តិភាព ពិតជាមានតម្លៃធំធេងណាស់ ដូច្នេះត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាពមួយនេះជារៀងរហូត ដើម្បីប្រទេសជាតិមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
ការស្ថាបនាផ្លូវនេះ នឹងប្រើប្រាស់រយៈពេល១២ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នៃប្រទេសចិន។
ផ្លូវប្រវែង ១០គឺឡូម៉ែត្រនេះ គឺប្រវែងជាង ៩គឺឡូម៉ែត្រ ត្រូវចាក់កៅស៊ូពីរជាន់ (DBST) និងប្រវែងជាង ១គីឡូម៉ែត្រ ត្រូវចាក់បេតុង មានទទឹង៨ម៉ែត្រ ចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ចែកជា២គន្លងចរាចរណ៍៕ អត្ថបទ៖ សៅ យ៉ាម៉ង់