អាស៊ាន៖ សិក្ខាសាលាអន្ដរជាតិស្តីពីការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អាស៊ាន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានបានបញ្ចប់ដោយជោគជ័យ ក្រោយរៀបចំ ២ថ្ងៃនៅថ្ងៃទី០៨-០៩ ខែសីហា ឆ្នាំ២០២២ ខណៈបណ្ដាប្រទេសអាស៊ានទាំងអស់បានឯកភាពគ្នាក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រពៃណីក្នុងតំបន់ឲ្យកាន់តែរីកចម្រើន និងគង់វង្សយូរអង្វែង។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្នុងនាមជាអ្នករៀបចំសិក្ខាសាលា ឯកឧត្តមថ្លែងអំណរចំពោះវាគ្មិន និងតំណាងប្រទេសចូលរួមទាំងអស់ សម្រាប់គំនិត ធាតុចូល ការពិភាក្សា និងកិច្ចសហប្រតិបត្តិការរបស់សមាជិក ដែលបានអនុញ្ញាតឲ្យក្រសួងបានរៀបចំសិក្ខាសាលានេះឡើង និងបានបញ្ចប់ដោយជោគជ័យ ដើម្បីរួមគ្នាអភិរក្សកីឡាប្រពៃណីក្នុងតំបន់។ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថា ឆ្លងកាត់សិក្ខាសាលា ២ថ្ងៃកន្លងមក បណ្ដាប្រទេសអាស៊ានទាំងអស់បានឯកភាព និងប្ដេជ្ញារួមគ្នា ធ្វើការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រណៃទាំងអស់ ក្នុងន័យថែរក្សាឲ្យបានគង់វង្សយូរអង្វែងផង និងផ្សព្វផ្សាយពីប្រភេទកីឡាក្នុងតំបន់ទៅកាន់ពិភពលោកផង។ លើសពីនេះក៏មានការគាំទ្រចំពោះប្រភេទកីឡាប្រពៃណីជាតិខ្មែរ ដែលបានចូលរួមធ្វើបទបង្ហាញ និងសម្ដែងនាឱកាសផងដែរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់សិក្ខាសាលានេះ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្ដរៀបចំសិក្ខាសាលាមួយទៀត ស្ដីពីការអភិវឌ្ឍន៍តំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន។ សិក្ខាសាលាទី១ នេះមានរយៈពេល ២ថ្ងៃដូចគ្នានៅថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះនៅសណ្ឋាគារសុខាភ្នំពេញ៕
អត្ថបទ៖ លី ឈុនឡា