ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបែងចែកការងារជូនក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសទទួលបានភារកិច្ចដូចគ្នា និងមិនគិតអំពីនិន្នាការរបស់គណបក្សនយោបាយឡើយ។
ថ្លែងប្រាប់BTV News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់បញ្ចប់ និងបានប្រកាសអំពីអាសនៈគណបក្សនយោបាយដែលទទួលបានសំឡេងក្នុងមូលដ្ឋានឃុំ-សង្កាត់នីមួយៗរួចរាល់ ក្រសួងមហាផ្ទៃតាមរយៈរដ្ឋបាលខេត្ត បានប្រកាសអំពីការចូលកាន់តំណែងរបស់គណបក្សនយោបាយ ដោយបែងចែកទៅតួនាទីអាស្រ័យអាសនៈរបស់គណបក្សនយោបាយនោះទទួលបាន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងរាជធានីខេត្ត បានកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អ។
ជុំវិញការលើកឡើងអំពីការប្រកាន់និន្នាការគណបក្សនយោបាយរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចៅសង្កាត់រង និងជំទប់ របស់គណបក្សភ្លើងទៀន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃបានបែងចែកតួនាទីទៅតាមស្តង់ដា និងគោលការណ៍ច្បាប់ ដោយមិនកំណត់បុគ្គលណាមួយមាននិន្នាការនយោបាយមកពីគណបក្សណាមួយនោះឡើយ។
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មាត្រាទី១៩ ចែងថា ក្នុងអំឡុងពេល១៤ថ្ងៃ ក្រោយការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតត្រូវចាត់ឱ្យមានការប្រជុំជាលើកដំបូងនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រោមអធិបតីភាពមន្រ្តីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង ខណៈមាត្រាទី២៤ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានសេរីភាពក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ក្នុងតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណែងផ្សេងទៀតត្រូវមានការជួបប្រជុំទៀងទាត់ ដើម្បីឱ្យការអនុវត្តលក្ខន្តិកៈផ្ទៃក្នុង និងភារកិច្ចរបស់ខ្លួនត្រឹមត្រូវស្របតាមច្បាប់៕អត្ថ៖ បទសេក ឧត្តម