កូរ៉េខាងត្បូង៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា មនុស្សចំនួន ៩នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរជន់លិចផ្លូវសំខាន់ៗ ស្ថានីយរថភ្លើងក្រោមដី និងលំនៅឋានជាច្រើនខ្នង។

យោងតាមលោកប្រធានាធិបតី Yoon Suk-yeol ដែលបានសូមអភ័យទោសចំពោះស្ថានភាពដ៏លំបាកនេះបានឲ្យដឹងថា ភ្លៀងដែលបានចាប់ផ្ដើមធ្លាក់កាលពីថ្ងៃចន្ទគឺខ្លាំងក្លាបំផុត ចាប់តាំងពីមានការព្យាករណ៍អាកាសធាតុរបស់កូរ៉េខាងត្បូងបានចាប់ផ្ដើម ១១៥ឆ្នាំកន្លងមកនេះ។ ស្រុក Gangnam របស់កូរ៉េខាងត្បូងត្រូវបានរងគ្រោះខ្លាំងដោយផ្នែក ដោយធ្វើឲ្យមានទឹកជំនន់ជន់លិចពាក់កណ្ដាលរថយន្ត។

រូបភាពចែករំលែកតាមបណ្ដាញសង្គមកាលពីដើមសប្ដាហ៍នេះ បានបង្ហាញពីប្រជាពលរដ្ឋដើរលុយទឹកត្រឹមចង្កេះ និងទឹកហូរកួចនៅក្នុងស្ថានីយរថភ្លើងក្រោមដីមួយចំនួន។ មនុស្សយ៉ាងហោចណាស់ ១៧នាក់បានរងរបួសផងដែរ៕
អត្ថបទ៖ សុខមាន