ប្រេស៊ីល៖ អង្គការសុខភាពពិភពលោកបានបង្ហាញការសោកស្ដាយកាលពីថ្ងៃអង្គារ ចំពោះការសម្លាប់សត្វស្វានៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលមានការព្រួយបារម្ភការឆ្លងជំងឺអុតស្វា។
គេហទំព័រព័ត៌មានប្រេស៊ីល G1 បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សត្វស្វាចំនួន ១០ក្បាលត្រូវបានបំពុលក្នុងរយៈពេលមិនដល់មួយសប្តាហ៍នៅក្នុងទីក្រុង Sao Jose do Rio Preto ក្នុងរដ្ឋ Sao Paulo ហើយបញ្ហាស្រដៀងគ្នានេះត្រូវបានរាយការណ៍នៅក្នុងទីក្រុងផ្សេងទៀត។ លោកស្រី Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា មនុស្សត្រូវតែដឹងថា ការឆ្លងដែលយើងឃើញនៅពេលនេះគឺស្ថិតនៅក្នុងចំណោមមនុស្ស។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ប្រទេសប្រេស៊ីលមានករណីជំងឺអុតស្វាជាង ១៧០០ករណី។ ក្រសួងសុខាភិបាលប្រស៊ីលបានបញ្ជាក់ពីករណីស្លាប់ម្នាក់ ទាក់ទងនឹងជំងឺនេះកាលពីថ្ងៃទី29 ខែកក្កដា។ ជនរងគ្រោះគឺជាបុរសដែលមានភាពស៊ាំទាប និងមានជំងឺប្រចាំកាយ។
យោងតាមលោកស្រី Harris បានឱ្យដឹងថា ករណីឆ្លងអាចកើតមានឡើងពីសត្វទៅមនុស្ស ប៉ុន្តែការផ្ទុះឡើងករណីឆ្លងនាពេលថ្មីៗនេះគឺទាក់ទងនឹងទំនាក់ទំនងរបស់មនុស្សតែប៉ុណ្ណោះ។ លោកស្រីនិយាយថា ជាការពិតមនុស្សមិនគួរសម្លាប់សត្វនោះទេ។ ប្រទេសប្រេស៊ីលមានការចុះបញ្ជីជាយូរមកហើយក្នុងការវាយប្រហារលើសត្វស្វា អំឡុងពេលផ្ទុះឡើងជំងឺគ្រុនក្តៅលឿង។ ចាប់តាំងពីខែឧសភាមក ប្រទេសជិត ៩០ បានរាយការណ៍ថាមានករណីជំងឺអុតស្វាជាង ២៩,០០០ករណី។ អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់ការផ្ទុះឡើងជំងឺដ៏កម្រនេះថា ជាគ្រាអាសន្នអន្តរជាតិកាលពីក្នុងខែកក្កដា៕
អត្ថបទ៖ ប៊ុនថន