វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Serena Williams បានបញ្ជាក់ពីគម្រោងចូលនិវត្តន៍របស់ខ្លួននៅក្រោយចប់ព្រឹត្តិការណ៍ Grand Slam, US Open ខាងមុខនេះ។ ម្ចាស់ជើងឯក Grand Slam ២៣លើករូបនេះបាននិយាយថា នាងនឹងបន្តដំណើរស្វែងរករឿងល្អៗក្នុងជីវិតរបស់នាង និងមិនចង់និយាយពាក្យថាចូលនិវត្តន៍ឡើយ។
Serena Williams បានវិលមកកាន់ការប្រកួតឯកត្តជនវិញកាលពីខែមិថុនាក្នុងព្រឹត្តិការណ៍ Wimbledon បន្ទាប់ពីរបួសដែលបានរំខានអស់រយៈពេលមួយឆ្នាំ។ កាលពីថ្ងៃចន្ទផងដែរ Williams ទើបតែស្គាល់ជ័យជំនះដំបូងរបស់ខ្លួនក្នុងកម្មវិធីប្រកួតមួយនៅទីក្រុង Toronto ប្រទេសកាណាដា។ Serena Williams នឹងបន្តចូលរួមការប្រកួត Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open រឺក៏ជា Grand Slam ចុងក្រោយក្នុងអាជីពរបស់ខ្លួននៅចុងខែសីហានេះ។ កីឡាការិនីវ័យ ៤០ឆ្នាំរូបនេះធ្លាប់ឈ្នះពាន US Open ៦លើកក្នុងចំណោម Grand Slam ទាំង ២៣ របស់ខ្លួន។ សូមបញ្ជាក់ថា Serena Williams គឺជាកីឡាការិនីដែលឈ្នះពាន Grand Slam ច្រើនជាងគេទី២ សរុប ២៣លើកតាមពីក្រោយ Margaret Court ដែលមានសរុប ២៤លើក៕
អត្ថបទ៖នាង សុភាវុធ