ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ថ្លែងថា ឯកឧត្តម មិនដែលធ្លាប់រំពឹងថា នឹងមានសៀវភៅដែលសរសេរអំពីខ្លួនឯងនោះទេ ហើយឯកឧត្តមចាត់ទុកថា សៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» គឺអាចមានប្រយោជន៍ឲ្យមហាជនស្គាល់ ហ៊ុន ម៉ានី កាន់តែច្បាស់ ក្រៅពីជាកូននាយករដ្ឋមន្ត្រី។ ថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា មួយនៅក្រុងសៀមរាប នាថ្ងៃទី១០ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ “ក្តីសង្ឃឹម ហ៊ុនម៉ានី” ដែលរៀបចំដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សៀវភៅមួយក្បាលនេះ បានធ្វើឲ្យឯកឧត្តមស្គាល់ខ្លួនឯងកាន់តែច្បាស់ និងស្វែងយល់ពីសកម្មការងាររបស់ខ្លួន ថាតើការធ្វើសកម្មភាពរបស់ខ្លួន បានជះឥទ្ធិពលអ្វីខ្លះលើមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈសកម្មភាពរបស់ឯកឧត្តម ដែលមានចងក្រងក្នុងសៀវភៅនេះ។ ឯកឧត្តមជឿជាក់ថា សៀវភៅក្ដីសង្ឃឹមហ៊ុនម៉ានី នឹងចែករំលែកមនសិកាស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗកាន់តែច្បាប់ និងចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងនាមជាយុវជនខ្មែរមួយរូប ដើម្បីបុព្វហេតុជាតិកម្ពុជា។
ឯកឧត្តមហ៊ុន ម៉ានី បញ្ជាក់ថា សម្រាប់ក្តីសង្ឃឹមរបស់ហ៊ុន ម៉ានី ទោះក្នុងឋានៈតួនាទីអ្វីក៏ដោយ គឺត្រូវបន្តបេសកម្មរបស់សម្តេចតេជោក្នុងការរកសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិមាតុភូមិកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្តម ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។“ក្ដីសង្ឃឹម ហ៊ុន ម៉ានី” ត្រូវបានចងក្រងជាសៀវភៅ ដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗដែលមានកម្រាស២៥៥ទំព័រ។
សៀវភៅក្ដីសង្ឃឹម”ហ៊ុនម៉ានី”នេះ ត្រូវបាននិពន្ធឡើងនៅក្នុងឆ្នាំ២០២០ និង២០២១ ដោយលោក លាង ដឺលុច និងបានបោះពុម្ពលើកទីមួយចំនួន១០០០០ច្បាប់នៅឆ្នាំ២០២២នេះ។សៀវភៅដ៍មានសារៈសំខាន់មួយនេះ បានលើកឡើងពីបុគ្គលិកលក្ខណៈខ្លះៗ របស់ឯកឧត្ដម ហ៊ុន ម៉ានី ដូចជា ឯកឧត្ដម មិនចូលចិត្ដអន្ដរាគមន៍ប្រាសចាកពីច្បាប់ វិន័យការងារហ្មត់ចត់ ភ្នែកទន់ តែកាច និងធ្វើការច្រើន សប្បាយតិច។ ក្នុងនោះដែរ សៀវភៅមួយនោះ មានចំនួន៤ជំពូក ។
ជំពូកទី១លើកឡើងពី ”ថ្ងៃដំបូង”ដោយមានពីរផ្នែក ទី១ដឹងក្ដីនៅបរទេស ផ្នែកទី២មាត់ទ្វារនយោបាយ។
ជំពូកទី២ “មិនមែនអ្វីៗទំាងអស់សុទ្ធតែជានយោបាយឡើយ” មានចំនួន៤ផ្នែក ទី១ ប្រមូលកម្លាំងយុវជន ទី២ ដើម្បីស្នាមញញឹមមហាគ្រួសរខ្មែរ ទី៣ជ្រោងទង់ជាតិកម្ពុជា លើកឆាអន្ដរជាតិ និងផ្នែកទី៤ កម្លាំងពីក្រោយខ្នង ។
ជំពូកទី៣ ពី“ឆាកនយោបាយ” មានបីផ្នែក ទី១ លើកពីឪពុក ទី២សុបិន្ដធំ ផ្នែកទី៣ ចង់ឃើញតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺជាអ្នកកើតនៅក្នុងខេត្ដនេះ ទី៤ពុំត្រូវឱ្យជនបរទេសសម្រេចលើវាសនារបស់កម្ពុជាឡើយ និងផ្នែកទី៥ ចំពោះរាជបល្ល័ង្គ ដោយឡែកនៅជំពូកទី៤លើកឡើងពី”ត្រូវតែសង្ឃឹម”៕








