បាល់ទាត់៖ ក្លិបបួនដែលសុទ្ធតែធ្លាប់ជាម្ចាស់ពានបាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ណាហ្កាវើលដ៍ វិសាខា បឹងកេត និងព្រះខ័នរាជស្វាយរៀងសុទ្ធតែបានឡើងទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួនទាំងពីរជើងវគ្គ ១៦ក្រុមចុងក្រោយ។

ក្លិបណាហ្កាវើលដ៍ម្ចាស់ពានឆ្នាំ២០១៣ ជើងទី២ នេះបានត្រឹមតែស្មើអាស៊ីអឺរ៉ុប ០ទល់នឹង០ ទោះបីជាមានឱកាសច្រើនដងយ៉ាងណាក៏ដោយ។ តែជើងឯករងពានសម្តេច ៦ដង ណាហ្កា បានឡើងដោយសារជើងទី១ បានយកឈ្នះ ៤ទល់នឹង០។ វគ្គ ៨ក្រុមចុងក្រោយ ណាហ្កាវើលដ៍ត្រូវប្រកួតជាមួយអ្នកឈ្នះរវាងភ្នំពេញក្រោន និងខេត្តព្រៃវែង។ ម្ចាស់ជើងឯកពីរដង វិសាខា ឡើងវគ្គ ៨ក្រុមចុងក្រោយដែរបន្ទាប់ពីបានយកឈ្នះក្លិបបាល់ទាត់ខេត្តសៀមរាប ៣ទល់នឹង២ ជើងទី២ នៅទឹកដីព្រីនស៍។ ជំនួបនេះតង់ទី១ វិសាខានាំមុខ ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ ស៊ិន សុផាន់ណាត់ នាទីទី១៦ និងគី រីណា នាទីទី២៦។ តង់ទី២ នាទីទី៦៦ កីឡាកររ៉ឹង ប៊ុនហ៊ៀង។ តែនាទីទី៦៧ កីឡាករ វ៉ាន់ លុច វាយបកបានមួយគ្រាប់វិញឱ្យក្លិបសៀមរាប មុនពេលកីឡាករ ថា គ្រីយ៉ា បន្ថែមគ្រាប់ទី២ នៅនាទីទី៧៩។ នាទីនៅសល់គ្មានគ្រាប់បាល់បន្ថែមទៀតនោះទេ។ សរុបទាំងពីរជើងវិសាខាឈ្នះ ៩ទល់នឹង២ ឡើងទៅជួបអ្នកឈ្នះរវាងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិវគ្គបន្ទាប់។ ចំនែកម្ចាស់ពានរង្វាន់សម្តេចតេជោ ២០១៩ បឹងកេតឈ្នះអាយអេសអាយដង្កោសែនជ័យ ៣ទល់នឹង២ ជើងទី២ ខណៈជើងទី១ យកឈ្នះត្រឹមតែ ២ទល់នឹង០ ប៉ុណ្ណោះ។ ជំនួបជើងទី២ នេះបីគ្រាប់របស់បឹងកេតកើតឡើងដោយកីឡាករ ឱ ភារុណ នាទីទី៣០, សាន គឹមហេង នាទីទី៥៣ និងពុំ បារាំង ៧៩។ ពីរគ្រាប់របស់ អាយ អេស អាយ ដង្កោសែនជ័យធ្វើបានសម្រេចដោយកីឡាករ សាន ចំរ៉ុង នាទីទី៧៦ និង និន ម៉ាលីសក្តិ នាទីទី៨០។ វគ្គបន្ទាប់បឹងកេតត្រូវជួបអង្គរថាយហ្គឺរ រឺកោះកុងអេហ្វស៊ី។

ដោយឡែកព្រះខ័នរាជស្វាយរៀង ក្រោយឈ្នះសូលទីឡូ ១ទល់នឹង០ ក្រៅដីជើងទី១, ថ្ងៃទី១០ ខែសីហា ត្រូវទទួលក្លិបមកពីសៀមរាបនៅទឹកដីខេត្តស្វាយរៀងវិញម្តង។ ជំនួបនេះម្ចាស់ពានបួនសម័យព្រះខ័នរាជស្វាយរៀងឈ្នះ ៤ទល់នឹង០។ លេងបាន ១៧នាទី កីឡាករ សា រ៉េត គ្រីយ៉ា តែតបញ្ចូលទីឱ្យព្រះខ័នរាជនាំមុខ។ ជិតចប់ការប្រកួតតង់ទី១ ប្រាក់ មុន្នីឧត្តម បន្ថែមគ្រាប់ទី២ ឱ្យព្រះខ័នរាជស្វាយរៀង។ តង់ទី២ នាទីទី៦៧ ព្រះខ័នរាជបន្ថែមមួយគ្រាប់ទៀតដោយគ្រាប់បាល់ទី២ របស់កីឡាករ សារ៉េត គ្រីយ៉ា។ នាទីទី៧៧ កីឡាករ ដូរចូល អ៊ាន ពិសី ស៊ុតបញ្ចូលទីគ្រាប់ទី៤ ឱ្យក្លិបម្ចាស់ផ្ទះ។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀងឈ្នះសូលទីឡូអង្គរ ៤ទល់នឹង០។ សរុបទាំងពីរជើងឈ្នះ ៥ទល់នឹង០។ វគ្គ ៨ក្រុមចុងក្រោយព្រះខ័នរាជស្វាយរៀង ត្រូវជួបអ្នកឈ្នះរវាងក្លិបអគ្គិសនីកម្ពុជា និងគីរីវង់សុខសែនជ័យ។
សូមជម្រាបជូនថា ការប្រកួតបាល់ទាត់ពានង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ ១/៤ផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី២៤ និង៣១ ខែសីហាខាងមុខ ខណៈវគ្គផ្តាច់ព្រ័ត្រត្រូវលេងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕
អត្ថបទ៖ គង់ ហួន