បាល់ទាត់៖ ក្រុមជើងឯកអេស្ប៉ាញ Real Madrid បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ UEFA Super Cup ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រក្រោយយកឈ្នះ Frankfurt ២-០ នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ នេះជាការបង្ហាញខ្លួនដំបូងប៉ុណ្ណោះសំរាប់ Frankfurt ខណៈដែលក្រុមអាល្លឺម៉ង់មួយនេះគួរតែរកបានគ្រាប់នាំមុខមុនទៅហើយ តែខ្សែប្រយុទ្ធជប៉ុន Daichi Kamada ធ្វើមិនបានសំរេច។

ខ្សែប្រយុទ្ធបារាំង Karim Benzema បន្តស្ថិតិស៊ុតបញ្ចូលទីរបស់ខ្លួនដោយរកបានគ្រាប់ទី២ នៅវគ្គទី២ បន្ទាប់ពី David Alaba បើកការនាំមុខនៅវគ្គទី១។ ក្រុមរបស់លោក Carlo Ancelotti ឡើងមកការប្រកួតនេះក្នុងនាមជាជើងឯក UEFA Champions League ខណៈ Frankfurt ឡើងមកប្រកួតក្នុងនាមជាជើងឯក UEFA Europa League។ ជ័យជំនះរបស់ Real Madrid និងគ្រាប់បញ្ចូលទីរបស់ Karim Benzema ធ្វើឱ្យមជ្ឈដ្ឋានបាល់ទាត់គិតថា កីឡាករបារាំងរូបនេះមានលទ្ធភាពខ្ពស់ក្នុងការឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or។
មកដល់ពេលនេះ Karim Benzema ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦ប្រកួតឱ្យ Real Madrid រដូវកាលកន្លងមកឈ្នះពាន UEFA Champions League និង La Liga។ មួយគ្រាប់យប់មិញដែរជាគ្រាប់ទី៣២៤ របស់ Karim Benzema នៅ Real Madrid ផងដែរ។ Real Madrid នឹងបើករដូវកាលថ្មីក្របខណ្ដអេស្ប៉ាញ La Liga សប្តាហ៍នេះធ្វើដំណើរទៅទឹកដី Almeria៕
អត្ថបទ៖នាង សុភាវុធ