ចិន៖ ប្រទេសចិនដែលរុស្ស៊ីស្វែងរកការចងសម្ព័ន្ធភាព ចាប់តាំងពីត្រូវបានរួបរឹតដោយលោកខាងលិចជុំវិញការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន បានហៅសហរដ្ឋអាមេរិកថាជាមេញុះញង់ដ៏ធំចំពោះវិបត្តិនេះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានលើកឡើងថា ទីក្រុង Washington កំពុងព្យាយាមអូសបន្លាយជម្លោះក្នុងប្រទេសអ៊ុយក្រែន ឲ្យយូរតាមដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១០ សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំក្រុង Moscow លោក Zhang Hanhui បានចោទប្រកាន់ក្រុង Washington ពីបទរុញរុស្ស៊ីឲ្យចូលអន្ទាក់ ដោយការពង្រីកខ្លួនម្ដងហើយម្ដងទៀតនៃសម្ព័ន្ធការពារណាតូ និងគាំទ្រកងកម្លាំងដែលកំពុងព្យាយាមភ្ជាប់អ៊ុយក្រែនទៅនឹងសហភាពអឺរ៉ុបជាជាងក្រុង Moscow។ លោក Zhang ត្រូវបានដកស្រង់សម្ដីដោយនិយាយថា ក្រុង Washington ក្នុងនាមជាអ្នកផ្ដួចផ្ដើមគំនិត និងមេញុះញង់ឲ្យមានវិបត្តិអ៊ុយក្រែន ខណៈកំពុងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានលើរុស្ស៊ី នៅតែបន្តផ្គត់ផ្គង់អាវុធ និងយុទ្ធោបករណ៍ដល់អ៊ុយក្រែន។
ឯកអគ្គរដ្ឋចិនរូបនេះគូសបញ្ជាក់ថា លោកបានមើលឃើញពីភាពដូចគ្នារវាងជម្លោះនៅអ៊ុយក្រែន និងភាពតានតឹងដែលកំពុងរីកធំចុងក្រោយជុំវិញកោះតៃវ៉ាន់។ លោកបានចោទប្រកាន់ថា សេតវិមានកំពុងដាក់ពង្រាយប្រភេទឧបករណ៍ដែលខ្លួនធ្លាប់បានប្រើពីមុន នៅក្នុងប្រទេសនៅអឺរ៉ុបខាងកើត៕
អត្ថបទ៖ សុខមាន