ភ្នំពេញ៖ កម្ពុជានាំចេញទំនិញចេញមានទឹកប្រាក់ជាង ១៣ ប៊ីលានដុល្លារ ក្នុងរៈពេល៧ខែ ឆ្នាំ២០២២នេះ កើនឡើង ៣០.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ រួមចំណែកពាក់កណ្តាលនៃទំនិញនាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាន ៣២.៨២ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់របស់ទំនិញរបស់កម្ពុជា មានតម្លៃទឹកប្រាក់ ប្រមាណ ៥ ៦៩៥ លានដុល្លារ ដោយបានរួមចំណែក ប្រមាណ ៤៣ភាគរយនៃតម្លៃការនាំចេញសរុបក្នុងរយៈពេលនេះ។
ប្រទេសវៀតណាម និងប្រទេសចិន ជាទីផ្សារធំលំដាប់ទីពីរ និងទីបី ដោយមានទំហំនាំចេញ ១ ៣២៦ លានដុល្លារនិង ៨០៩ លានដុល្លារ។ ចំណែក ការនាំចូលរបស់កម្ពុជា មានតម្លៃ ១៩ ប៊ីលានដុល្លារកើនឡើង ១៥.៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ទំនិញសំខាន់ៗដែលកម្ពុជា នាំចេញ មានដូចជា សំលៀកបំពាក់ តម្លៃសរុប ៥ ៦១៩ លានដុល្លារ វត្ថុអំពីស្បែក តម្លៃ ១ ២២៥ លានដុល្លារ ផលិតផលស្បែកជើង តម្លៃ ១ ០៤៥ លានដុល្លារ ឧបករណ៍អគ្គីសនីតម្លៃ ៩២៧លានដុល្លារ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា បានចាត់ទុកកំណើននេះ ដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការសកល។
ឯកឧត្តម លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ក៏បានរួមចំណែកដល់កំណើននេះ៕ អត្ថបទ៖ វណ្ណៈ