ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក ជំរុញបន្តកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។
នេះជាការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែសីហា ជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិកមានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។
ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាម៉េរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តសហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ លោកស្រីបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកសំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។
ជាមួយគ្នានេះ លោកស្រីក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ៕ អត្ថបទ៖ វណ្ណៈ


