បាល់ទាត់៖ ក្លិប Brentford បានសំរេចក្នុងការនាំយកខ្សែបម្រើស្លាបដាណឺម៉ាក Mikkel Damsgaard ផ្លូវការហើយក្នុងតម្លៃប្រមាណ ១៥លានផោនពីក្លិបអ៊ីតាលី Sampdoria។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានមកដល់ទឹកដីអង់គ្លេសថ្ងៃពុធម្សិលមិញ និងបានចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Community Stadium។
Mikkel Damsgaard គឺជាអ្នកស៊ុតបញ្ចូលទីបាល់ Freekick នាំមុខអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ឆ្នាំមុន មុនពេលអង់គ្លេសវាយបកយកឈ្នះវិញនៅម៉ោងបន្ថែម។ Mikkel Damsgaard បានផ្លាស់ទៅ Sampdoria កាលពីខែកក្កដា ឆ្នាំ២០២០ ស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ប្រកួត។ តែសម្រាប់ជំរើសជាតិដាណឺម៉ាក Mikkel Damsgaard រកបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៦លើកប៉ុណ្ណោះ។
គិតមកដល់ពេលនេះ Brentford បាននាំចូលកីឡាករថ្មី ៤នាក់ហើយរួមមានខ្សែការពារ Ben Mee និង Aaron Hickey ខណៈខ្សែប្រយុទ្ធមាន Keane Lewis-Potter និងអ្នកចាំទី Thomas Strakosha ហើយ Damsgaard នឹងជាកីឡាករទី៥។ Brentford បើកឆាកប្រកួតដំបូងនៅ English Premier League ស្មើនៅទឹកដី Leicester City ខណៈចុងសប្តាហ៍នេះត្រូវទទួល Manchester United៕
អត្ថបទ៖នាង សុភាវុធ