រតនគិរី៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីប្រាប់BTV News ឱ្យដឹងថា ពាក់ព័ន្ធនឹងស្ថានភាពកម្ពស់ទឹកទន្លេពីរក្នុងខេត្តរតនគិរី ដូចជា ទន្លេសេសាន មិនទាន់ឈាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែទន្លេស្រែពកទឹកឡើងលើសពីកម្រិតប្រកាសអាសន្ន ជាង១៣ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ១២.៥០ម៉ែត្រ។
ឯកឧត្តម ញ៉ែម សំអឿន បញ្ជាក់ថា ក្នុងចំណោមស្រុកចំនួនពីររងការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ គឺមានតែស្រុកលំផាត់ប៉ុណ្ណោះដែលរងការជន់លិចច្រើនជាងស្រុកកូនមុំ។ ឯកឧត្តមបន្តថា មកទល់ពេលនេះអាជ្ញាធរកំពុងបន្តជម្លៀសប្រជាពលរដ្ឋកាន់ទៅទីទួលសុវត្ថិភាព។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រស់នៅប្របទន្លេស្រែពក និងសេសានបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ដើម្បីបញ្ចៀសការប៉ះពាល់ដល់អាយុជីវិត ឬអាចរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចេញសង្គ្រោះបានទាន់ពេលវេលា៕








