កីឡាប្លែក៖ បុរសសញ្ជាតិអេស្តូនី Jaan Roose បានធ្វើរឿងមិនគួរឱ្យជឿមួយ ក្រោយសំរេចជោគជ័យក្នុងការដើរលើខ្សែពួរចម្ងាយ ៦២៥ម៉ែត្រឆ្លងកាត់ទន្លេ ដោយខ្សែពួរត្រូវបានចងភ្ជាប់រវាងអគារកម្ពស់ខ្ពស់ពីរនៅទីក្រុង Rotterdam ប្រទេសហូឡង់។

ការចងភ្ជាប់រវាងអគារខ្ពស់ពីរ Jaan Roose ត្រូវដើរឆ្លងកាត់ពីលើទន្លេដែលមានកម្ពស់ ១៨៨ម៉ែត្រពីទឹក និងបានសំរេចដើរឆ្លងពីម្ខាងទៅម្ខាងប្រើពេលដល់ទៅ ៤៩នាទី។ Jaan Roose បាននិយាយថា ការចាប់ផ្តើមចេញដំណើរមានការលំបាកបន្តិចដោយសារមានខ្យល់ តែកាន់តែលំបាកក្នុងចំណោមចម្ងាយ ៦២៥ម៉ែត្រ កម្ពស់ ១៨៨ម៉ែត្រពីទឹកគឺនៅពេលឆ្លងផុតពាក់កណ្តាលផ្លូវ ពោលគឺនៅពេលខ្សែពួរកោងត្រូវដើរឡើងចំណោតនៃខ្សែពួរ។

នេះជារឿងមិនគួរឱ្យជឿសំរាប់ទស្សនិកជនដែលបានឃើញសមត្ថភាពបែបនេះ តែមិនមែនជារឿងចំឡែកសំរាប់ Jaan Roose ឡើយដោយរូបគេគឺជាជើងឯកពិភពលោកច្រើនសម័យកាល និងជាម្ចាស់កំណត់ត្រាពិភពលោកផងដែរក្នុងការដើរលើខ្សែពួរបែបនេះ ពោលគឺ Jaan Roose បានចាប់ផ្តើមដើរបែបនេះតាំងពីអាយុ ១៨ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ