ស្ទឹងត្រែង៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ ដែលគាំទ្រដោយធនាគារពិភពលោក។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែសីហាម្សិលមិញ បានឱ្យដឹងថា ការកសាងមជ្ឈមណ្ឌលនេះ ស្របពេល ដែលរដ្ឋបាល ជលផល ត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន មានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ២០១៦-២០៣០ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង នឹង ដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និង អភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តម បានបង្ហាញក្ដីសងឹ្ឃមថា មជ្ឈមណ្ឌលនេះ នឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយ បច្ចេកទេស និងពូជវារីសត្វ របស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថា នាពេលអនាគតដ៏ខ្លី អនុវិស័យវារីវប្បកម្មនៅតំបន់នេះ នឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ ពិសេសជនជាតិភាគតិច នឹងត្រូវបានលើកកម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជ ឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះ ឡើងវិញ។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឲ្យដឹង ថា នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចទទួលយកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ ការអនុវត្តគម្រោង ស្តីពី "ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ" ដំណាក់កាលទី៣ ក្នុងនោះរដ្ឋបាល ជលផល ទទួលអនុវត្តសមាសភាគទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាន ហើយសមិទ្ធផលដែលនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាផ្នែកមួយ នៃគម្រោងដែលបានអនុវត្ត ក្នុងរយៈពេលកន្លងមក៕ អត្ថបទ៖ មាស ផល្លា








