ភ្នំពេញ ៖ កម្ពុជា-វៀតណាម ប្រារព្ធព្រឹតិ្តការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាឆ្នាំ២០២២» នាឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម និងអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២, នាសាលសន្និសីទចតុម្មុខ នារាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា អនុលោមតាមកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងជំនាញនៃប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០១៨-២០២២សប្តាហ៍វប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌កម្ពុជា ត្រូវបានរៀបចំជាបន្តបន្ទាប់ក្នុងខែសីហា និងខែកញ្ញា ក្នុងឆ្នាំនេះ។ ព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះរៀបចំឡើងចំពេលដែលប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ ការសម្តែងនៅរាត្រីនេះ គឺការសម្តែងសិល្បៈចម្រុះដែលកើតចេញពីការសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ ជាពិសេសចាប់តាំងពីការបង្ហាញខ្លួនរបស់ជម្ងឺកូវីដ-១៩ប្រជាជនទូទាំងពិភពលោករស់នៅក្នុងភាពភ័យខ្លាចទាំងផ្លូវកាយ និងផ្លូវចិត្ត ជះឥទ្ធិពលរំខានដល់ផ្នែកសេដ្ឋកិច្ច និងសង្គម គឺមានទំហំធំឥតគណនា ហើយវិស័យទេសចរណ៍វប្បធម៌ ក៏ត្រូវបានរំខានដោយជម្ងឺកូវីដ-១៩យ៉ាងខ្លាំងក្លាផងដែរ។ សកម្មភាពវប្បធម៌នានាត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលមិនអាចបង្ហាញបានអស់នូវខ្លឹមសាររបស់ប្រធានបទយ៉ាងបានពេញលេញបានឡើយ។ ព្រឹត្តិការណ៍នារាត្រីនេះ អាចចាត់ទុកថាជាទំព័រថ្មី ដែលកម្ពុជា និងវៀតណាម បានសហការរៀបចំសប្តាហ៍វប្បធម៌ដោយសេរី និងរីករាយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជម្ងឺរាតត្បាត។ ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន គឺពុំអាចបំភ្លេចបាននូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំនះរាល់ការលំបាកនានា ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩ តាមរយៈនយោបាយវ៉ាក់សាំងទូទាំងប្រទេស។
ជាមួយគ្នានោះដែរឯកឧត្តម ហ័ង ដាវគួង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងដែរថា សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរ ដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ដែលផ្តល់ឱ្យនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញដែលបង្កប់នូវតម្លៃវប្បធម៌ប្រពៃណីកម្ពុជា និងនៅទីក្រុងសៀមរាប-ទីក្រុងវប្បធម៌អាស៊ាន ដែលបេតិកភណ្ឌវប្បធម៌ពិភពលោកជាច្រើនត្រូវបានអភិរក្ស។ សកម្មភាពវប្បធម៌នេះ មានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០២២។ ក្នុងន័យនេះ វៀតណាម សូមធ្វើការបង្ហាញសម្រស់វប្បធម៌វៀតណាមជូនដល់ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិតាមរយៈការសម្តែងសិល្បៈ ការសម្តែងតន្ត្រីប្រពៃណីនិងរបាំបាឡេវៀតណាម ការតាំងពិព័រណ៍ស្តីពីវប្បធម៌និងការអប់រំវៀតណាម និងបេតិកភណ្ឌពិភពលោកវៀតណាមដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕ អត្ថបទ ៖ រដ្ឋា











