ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនិងលោកគ្រូ អ្នកគ្រូ និងសិស្សរបាំបុរាណខ្មែរ មកពីបារាំង បានប្រារព្ធពិធីបួងសួងរម្លឹកព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះបរមគ្រូ, នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួង បានប្រារព្ធពិធីបួងសួងរម្លឹកព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះបរមគ្រូ ដែលខ្មែរយើងហៅថា «ពិធីសំពះគ្រូ» រួចពិធីនេះប្រារព្ធឡើងចំតែថ្ងៃព្រហស្បតិ៍ ប៉ុណ្ណោះ ព្រោះជាជំនឿ និងទម្លាប់តាំងពីសម័យបុរាណមក។ ដូច្នេះការជួបជុំនាពេលនេះ គឺដើម្បីសំពះគ្រូ និងសម្តែងព្រះមហាករុណាទិគណ គុណចំពោះព្រះមហាក្សត្រិយានី ស៊ីសុវតិ្ថមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា និងសម្តេចព្រះរាមបុប្ជាទេវី ក៏ដូចជាគ្រូរបាំបុរាណខ្មែរទាំងអស់ ដែលលោកបានចែកចាកឋានទៅ និងនឹកគុណចំពោះអ្នកដែលបានផ្តល់នូវចំណេះដឹង និងអ្នកដែលធ្វើអំពើល្អចំពោះជាតិ។
ជាចុងក្រោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវស្វែងយល់ថា ការបន្តមរតកវប្បធម៌ជាតិអរូបី ប្រសិនបើបាត់តែមួយជំនាន់ ឬពីរជំនាន់ គឺបាត់បង់តែម្តង។ ដូច្នេះយើងត្រូវតែប្រឹងប្រែងថែរក្សា «មានអ្នកឲ្យ ក៏ត្រូវតែមានអ្នកទទួល» ទទួលដោយការយល់ដឹងច្បាស់ អំពីតម្លៃរបស់ជាតិខ្លួន ក៏សូមនាំគ្នាឲ្យចូលរួមគ្រប់សកម្មភាព ទាំងការចែកចាយព័ត៌មាន និងចូលរួមសកម្មភាពផ្ទាល់។ ព្រោះថាវប្បធម៌របស់យើង ត្រូវការកូនខ្មែរថែរក្សា មិនអាចរំពឹងថាមានអ្នកណាមកថែជំនួសយើងបាននោះទេ ហើយបើយើងអត់ស្គាល់ខ្លួនយើង គឺយើងនឹងច្រឡំចាប់យករបស់គេ ធ្វើឲ្យបាត់នូវមោទនភាពជាតិខ្លួនឯង ជាពិសេសបាត់នូវអត្តសញ្ញាណជាតិខ្លួនឯង។ អត្តសញ្ញាណជាតិនេះ គឺជាកិច្ចការសំខាន់ខ្លាំងណាស់៕ អត្ថបទ ៖ រដ្ឋា











