ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល បានកោតសរសើរជូនថ្នាក់ដឹកនាំ ក្នុងការអនុវត្តគម្រោងមូលនិធិសកល ទៅតាមគន្លងបរិបទថ្មី ប្រកបដោយសមិទិ្ធផលគួរជាទីគាប់ចិត្ត។
ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អនឡាញ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធ នឹងជំងឺអេដស៍ និងរបេង កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តរភាព និងកម្មវិធី C19 RM, នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MOH-LIT, នាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ក្រោមក្រសួងសុខាភិបាល រួមនិងអង្គការដៃគូអភិវឌ្ឍន៍នានាផ្សេងទៀត។
បន្ទាប់ពីបានស្តាប់ការធ្វើរបាយការណ៍បង្ហាញនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ គ្រប់គម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល បានអនុវត្តទៅដោយរលូនទៅតាមគន្លងបរិបទថ្មី ហើយសម្រេចបាននូវលទ្ធផល និងសមិទ្ធិផលគួរជាទីមោទនភាព។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកលបានសំដែងការកោតសរសើរ និងអរគុណជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងដៃគូអភិវឌ្ឍដែលបានបន្តកិច្ចខិតខំ ប្រឹងប្រែងអនុវត្តគម្រោងមូលនិធិសកលនេះ ទៅតាមគន្លងបរិបទថ្មី ប្រកបដោយសមិទិ្ធផលគួរជាទីគាប់ចិត្ត៕ អត្ថបទ ៖ រដ្ឋា










