
កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល កាលពីម្សិលមិញ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានរងគ្រោះបាត់បង់ផ្ទះសម្បែង ដោយសារបាក់ច្រាំងព្រែកត្នោត ចំនួន៥៨គ្រួសារ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេស ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។ឯកឧត្តម បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោល គឺទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌៕ អត្ថបទ៖ សោ យ៉ាម៉ង់