សហរដ្ឋអាមេរិក៖ ការធ្លាក់ចុះក្នុងការប្រើប្រាស់ពី 71% មកនៅ 32% ក្នុងចំណោមមនុស្សមានអាយុចន្លោះពី 13 ដល់ 17ឆ្នាំឡើង ខណៈបណ្ដាញសង្គម TikTok របស់ចិនដែលជាគូរប្រជែងរបស់ក្រុមហ៊ុន FACEBOOK មើលឃើញការហក់ឡើងរហូតដល់ 67% ដោយមានសេចក្ដីរាយការណ៍ថាមាន 16% បានប្រើប្រាស់ស្ទើរគ្រប់ពេលវេលា។
សេចក្ដីរាយការណ៍ខាងលើបាននិយាយថា ទោះបីជាយុវជនបច្ចុប្បន្នពុំប្រើប្រាស់បណ្ដាញសង្គម Facebook យ៉ាងទូលំទូលាយ ដូចជាយុវជនកាលពីប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ កម្មវិធីនេះនៅតែផ្ដល់ការកម្សាន្តយ៉ាងច្រើនដល់អ្នកប្រើប្រាស់ក្នុងចំណោមយុវវ័យ។ ចំណែកកម្មវិធីមួយផ្សេងទៀត ដែលគេកំពុងមើលឃើញពីការពេញនិយមក្នុងចំណោមស្រទាប់យុវជនក្មេងៗនោះគឺ YouTube ដោយមានសេចក្ដីរាយការណ៍ពីការចូលទស្សនាប្រចាំថ្ងៃដល់ទៅ 75% ខណៈដែលបណ្ដាញសង្គម Twitter ត្រៀមប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា របស់មហាសេដ្ឋីជំនួញជនជាតិកាណាដា-សញ្ជាតិអាមេរិកលោក Elon Musk ជុំវិញចំនួននៃក្រុមអ្នកប្រើប្រាស់ក្លែងក្លាយ ក៏បានមើលឃើញពីការធ្លាក់ចុះផងដែរ។
សេចក្ដីរាយការណ៍ដដែលបានរិះគន់អគ្គនាយកក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ខណៈក្រុមហ៊ុននេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលលើកដំបូងរបស់ខ្លួនកាលពីខែមិថុនា។ ក្រុមហ៊ុន Meta ត្រូវបានរិះគន់ថា ពុំបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើមដែលបានរាលដាលពេញលើកម្មវិធីនានារបស់ខ្លួន។ កាលពីឆ្នាំមុនអតីតបុគ្គលិកម្នាក់គឺអ្នកស្រី Frances Haugen បានចោទប្រកាន់ក្រុមហ៊ុននេះពីបទគិតតែប្រយោជន៍ខ្លួនឯងជាជាងសុវត្ថិភាពតាម online៕
អត្ថបទ៖ សុខមាន