ភ្នំពេញ ៖ បំរាមគោចរ គឺមិនមានបិទផ្សារដើមគរទេ ការផ្អាកការចរាចរ និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានី ១៤ថ្ងៃ មិនប៉ះពាល់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរនោះទេ។
ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ រយៈពេល២សប្តាហ៍នោះ សម្រាប់ផ្សារដើមគមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ ដូរ ដូចធម្មតា ដោយគណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារ និងកាតសម្គាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឱ្យគាត់មានសិទ្ធិ អាចធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ដោយមិនមានការឃាឃាំង និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ចំពោះផ្សារដើមគ គឺមិនមានបិទការលក់ដូរ ឬផ្អាកការផ្គត់ផ្គង់បន្លែ ផ្លែឈើនោះទេ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ខាងគណៈកម្មការផ្សារ បាននឹងកំពុងរៀបចំធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ ឬពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍បណ្ដោះអាសន្ន ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយអ្នកដែលបន្ដធ្វើដំណើរដោយមិនចាំបាច់ បំពាននឹងបំរាមដែលបានដាក់ចេញ។ សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





