តេក្វាន់ដូ៖ លោក តាន់ ជេកស៊ី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី នៅថ្ងៃទី១១ ខែសីហាម្សិលមិញបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ពិសេសពង្រឹងផ្នែកបច្ចេកទេសថ្មីៗ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់សហព័ន្ធអន្ដរជាតិតែម្ដង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រៅពីធ្វើការជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាដែលជាសមាជិក លោក តាន់ ជេកស៊ី ក៏បានចូលជួបសំណេះសំណាលជាមួយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ហើយបានពិភាក្សាការងារមួយចំនួនផងដែរ ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធតេក្វាន់ដូ ITF អាស៊ី និងសហការីនេះគឺរួមចំណែកបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីដល់បណ្ដាប្រទេសសមាជិក ហើយគោលបំណងសំខាន់គឺការពង្រឹងបច្ចេកទេសរវាងកីឡាតេក្វាន់ដូ ITF កម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី ហើយលើកកម្ពស់កិត្យានុភាពតេក្វាន់ដូ ITF កម្ពុជាលើឆាកអន្ដរជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃដដែល បន្ទាប់ពីជួបសំណេះសំណាលជាមួយមន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជា លោក តាន់ ជេកស៊ី ក៏បានចូលរួមសិក្ខាសាលារៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសដោយផ្ទាល់ដល់កីឡាករ-កីឡាការិនីនៅជុំរុំហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ៕
អត្ថបទ៖ លី ឈុនឡា