បាល់ទាត់៖ ខ្សែបម្រើក្លិបហង្សក្រហម Liverpool, Harvey Elliott នឹងបន្តស្នាក់នៅ Anfield រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាបន្តកិច្ចសន្យានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កីឡាករវ័យ ១៩ឆ្នាំរូបនេះទើបតែទទួលបានកិច្ចសន្យាថ្មីកាលពីឆ្នាំមុនប៉ុណ្ណោះតែ Liverpool សំរេចធ្វើកិច្ចសន្យាដែលបូកបញ្ចូលទាំងការតម្លើងប្រាក់ឈ្នួល តាមរយៈការអភិវឌ្ឍសមត្ថភាពកន្លងមក។
Harvey Elliott ដែលលេងបានទាំងបម្រើកណ្តាល និងប្រយុទ្ធស្លាបនោះបានខកខានស្ទើរពេញមួយរដូវកាល ២០២១-២២ ដោយសាររបួស។ Elliott គឺជាកីឡាករជម្រើសជាតិអាយុក្រោម ២១ឆ្នាំអង់គ្លេសដោយធ្លាប់បានបង្ហាញខ្លួន ៣ប្រកួតតែមិនទាន់ត្រូវបានកោះហៅចូលក្រុមធំនៅឡើយ។ Elliott គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Fulham និងបានផ្លាស់មកកាន់ Liverpool កាលពីឆ្នាំ២០១៩។ កាលពីប្រកួតបើករដូវកាល English Premier League រដូវកាលមុន Harvey Elliott ក៏បានចូលលេងដែរជាកីឡាករបម្រុងផ្លាស់ប្តូរចូលពេល Liverpool ស្មើនៅទឹកដី Fulham។ Liverpool នឹងត្រូវទទួលភ្ញៀវ Crystal Palace ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ