សហរដ្ឋអាមេរិក៖ សារព័ត៌មានសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារសហព័ន្ធអាមេរិកកំពុងស្វែងរកឯកសារនុយក្លេអ៊ែរ នៅពេលពួកគេបានចូលឆែកឆេរលំនៅឋាននៅរដ្ឋ Florida របស់អតីតប្រធានាធិបតីលោក Donald Trump កាលពីសប្ដាហ៍មុន។

គេមិនច្បាស់ទេថា តើឯកសារនេះត្រូវបានរកឃើញពីរមណីយដ្ឋាន Mar-a-Lago នៅឆ្នេរសមុទ្រ Palm Beach របស់អតីតប្រធានាធិបតីរូបនេះ ឬក៏អត់។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានស្នើតុលាការចេញដីកាអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបអង្កេត FBI ឆែកឆេរលំនៅឋាននៅរដ្ឋ Florida របស់លោក Donald Trump ក្រោយអតីតប្រធានាធិបតីរូបនេះបានវាយប្រហារការឆែកឆេរនេះថា ជាទង្វើសងសឹកខាងនយោបាយ។ លោករដ្ឋអាជ្ញា Merrick Garland បានបញ្ជាក់ជាលើកដំបូងថា ក្រុមមន្ត្រីពិតជាបានចូលឆែកឆេរលំនៅឋាន Mar-a-Lago របស់លោក Trump មែន។

ការឆែកឆេរនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតថា តើលោកពិតជាបានដកយកឯកសារដោយខុសច្បាប់ចេញពីសេតវិមានពិតមែន ឬយ៉ាងណា ខណៈលោកចុះចេញពីតំណែង។ លោក Garland ដែលជាមន្ត្រីអនុវត្តន៍ច្បាប់ជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា លោកបានអនុម័តជាលក្ខណៈផ្ទាល់ខ្លួនលើការសម្រេចចិត្តចេញបញ្ជាឆែកឆេរនេះ។ ប៉ុន្តែរឿងនេះបានកើតឡើងបន្ទាប់ពីលោក Trump បានប្រកាសការចូលឆែកឆេរនេះកាលពីយប់ថ្ងៃចន្ទ ដោយចោទប្រកាន់ថានេះគឺជាទង្វើសងសឹកខាងនយោបាយ ពីសំណាក់គណបក្សប្រជាធិបតេយ្យលោក Joe Biden៕
អត្ថបទ៖ សុខមាន