មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រារព្ធខួបលើកទី២៣ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២២ ធ្វើឡើងក្រោមប្រធានបទ«សាមគ្គីភាពអន្តរជំនាន់ បង្កើតពិភពលោក សម្រាប់មនុស្សគ្រប់វ័យ» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ, ក្រោមវត្តមានលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, លោក ស៊ុ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងយុវជនក្រុមភ្លេងទាំង៤ក្រុម មកពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យ បាក់ទូក និងវិទ្យាល័យវត្តកោះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ សីហា នៅលើពិភពលោកតែងប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ដើម្បីជារំលឹកដល់យុវជនគ្រប់រូប និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសនីមួយៗ ក្នុងការផ្តល់ឱកាស ក្នុងការការពារ និងកសាងពិភពលោកមួយប្រកបដោយនិរន្តរភាព និងស្រស់បំព្រង។ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់មគ្គុទ្ទេស និងជាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្នុងន័យអបអរសាទរ និងរួមចំណែកជាមួយពិភពលោក ក្នុងការកសាងសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍពិភពលោក។
លោក ហែម ស៊ីណារ៉េត បានបន្ថែមទៀតថា ក្នុងបរិបទនេះ គោលបំណង នៃទិវាអន្តរជាតិ សម្រាប់យុវជនឆ្នាំនេះ ប្រធានបទ សាមគ្គីភាពអន្តរជំនាន់ បង្កើតពិភពលោក សម្រាប់មនុស្សគ្រប់វ័យ គឺដើម្បីពង្រីកសារថា សកម្មភាពចាំបាច់នៅគ្រប់ជំនាន់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនទុកចោលនរណាម្នាក់ឡើយ។
ឆ្លងតាមអត្ថន័យដ៏ជ្រាវជ្រៅនេះ លោក ហែម ស៊ីណារ៉េត សូមឧទ្ទិសទិវាដ៏មានសារៈសំខាន់នេះ សម្រាប់យុវជនកម្ពុជាគ្រប់រូប ជាពិសេសយុវជននៅរាជធានីភ្នំពេញ និងសូមក្រើនរំលឹកដល់យុវជនគ្រប់រូប សូមធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ពោលគឺ ជាយុវជនពេញលេញប្រកបដោយសក្តានុពល។ ជាយុវជនឆ្លាត ពូកែ និងមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិគ្រប់ជំនាន់ចេះស្រលាញ់សាមគ្គីគ្នា ចេះចែករំលែកគ្នាទៅវិញទៅមក ដើម្បីបង្កើតក្តីស្រលាញ់ពេញមួយជីវិត និងគ្រប់ជំនាន់។ លោក ក៏សូមឲ្យយុវជនខិតខំរៀនសូត្រជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនជាយុវជន៣ល្អ«កូនល្អ សិស្សល្អ មិត្តល្អ» និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ៕ រូបភាព/ អត្ថបទ៖ រដ្ឋា














