ស៊ូដង់៖ ក្រុមបាតុករបានចេញធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុង Khartoum កាលពីថ្ងៃព្រហស្បតិ៍ ជាបាតុកម្មថ្មីមួយផ្សេងទៀតនៅក្នុងការតវ៉ាជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែតុលា។

នគរបាលបង្ក្រាបកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ហើយការប្រឈមមុខដាក់គ្នាបានកើតឡើងរវាងសន្តិសុខ និងក្រុមបាតុករ។ គណៈកម្មាធិការក្រុមវេជ្ជបណ្ឌិតប្រទេសស៊ូដង់ ដែលជាផ្នែកមួយនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយកាលពីចុងខែកក្កដាថា ចំនួនអ្នកស្លាប់ក្នុងចំណោមក្រុមបាតុករមានយ៉ាងហោចណាស់ 118នាក់ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីថ្ងៃទី25 ខែតុលា៕
អត្ថបទ៖ ប៊ុនថន