វាយកូនបាល់៖ កីឡាករន័រវេស Casper Ruud បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយហើយនៃការប្រកួតកម្មវិធី ATP Montreal Masters រឺ Canadian Open ក្រោយយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut។

កីឡាករលំដាប់លេខ៤ ពិភពលោករូបនេះបានរងបរាជ័យនៅសិតដំបូង ៦-៧(៤-៧) មុនពេលវាយបកយកឈ្នះវិញពីរសិតផ្ទួនៗ ៧-៦(៧-៤) និង ៦-៤។ ការប្រកួតនេះទម្រាំតែរកចាញ់ឈ្នះឃើញត្រូវប្រើពេលដល់ទៅ ៣ម៉ោង ១៩នាទីខណៈ Casper Ruud នៅពេលនេះនឹងត្រូវជួបជាមួយកីឡាករកាណាដា Felix Auger-Aliasimme។ កីឡាករម្ចាស់ផ្ទះ Aliasimme មិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ ជាមួយនឹងជ័យជំនះលើកីឡាករកំពូលរបស់អង់គ្លេសបច្ចុប្បន្ន Cameron Norrie ៦-៣ និង ៦-៤។
ងាកមកកីឡាករប៉ូឡូញ Hubert Hurkacz ក៏បានកក់កៅអីវគ្គបន្តដែរក្រោយយកឈ្នះកីឡាករអេស្ប៉ាញ Albert Ramos Vinolas ៦-៧(៦-៨), ៦-២ និង ៧-៦(៧-៣)។ ជុំបន្តកីឡាករលំដាប់លេខ៨ Hurkacz នឹងត្រូវជួបជាមួយកីឡាករអូស្ត្រាលី Nick Kyrgios ដែលបានយកឈ្នះកីឡាករប៊ែលហ្ស៊ិក Alex De Minaur៕
អត្ថបទ៖នាង សុភាវុធ