ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាព ៤ឆ្នាំ នៃល្ខោនខោលកម្ពុជា ដែលគ្រោងធ្វើនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលសម្តែងនៃនាយកដ្ឋានសិល្បៈទស្សនីយភាព វេលាម៉ោង៨ព្រឹក។
បើតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីទម្រង់ អត្ថន័យ បរិបទ នៃល្ខោនខោលកម្ពុជា ដោយបង្ហាញអំពីសាវតារ វិវឌ្ឍន៍ និងដំណើរទៅអនាគត។ ប្រមូលទិន្នន័យ ដើម្បីរៀបចំរបាយការណ៍៤ឆ្នាំ ជូនអង្គការយូណេស្កូ និងបង្កឲ្យមានការពិគ្រោះយោបល់គ្នារវាងក្រុមល្ខោនខោលនានា ដើម្បីរិះរក និងកំណត់យន្តការអភិរក្សទៅអនាគត។ បង្ហាញអំពីដំណើរការ នៃការចុះមត៌កអរូបី ក្នុងបញ្ជីមត៌កអរូបី នៃអង្គការយូណេស្កូ និងតម្រូវការនានាដែលរដ្ឋភាគី នៃអនុសញ្ញាត្រូវបំពេញ។ សិក្ខាសាលានេះ នឹងមានបទបង្ហាញរបស់អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមល្ខោននានាផង។ សាធារណជន សិល្បករ សិស្ស និសិ្សត និងអ្នកស្រាវជ្រាវដែលមានចេតនាចង់ចូលរួម អាចចូលរួមបានដោយមិនបង់ថ្លៃ។
សូមបញ្ជាក់ផងដែរថា ល្ខោនខោល របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការ យូណេស្កូ ដាក់ បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕ រូបភាព៖ អត្ថបទ រដ្ឋា
