ភ្នំពេញ៖ ថ្មីៗនេះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុងនេះ មានសង្កាត់ចំនួន ៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។
យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុកខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា “ ក្រុមប្រឹក្សា” ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌនោះ ។ សម្រាប់ក្រុងបូកគោនៃខេត្តកំពតដែលទើបបង្កើតថ្មីនេះ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមកាលបរិចេ្ឆទដែលកំណត់ដោយនាយករដ្ឋមន្រ្តីតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា នៅចំពោះមុខ គ.ជ.ប ត្រូវត្រៀមរៀបចំការងារជាច្រើន ដូចជា៖ ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលទើបបង្កើតថ្មីនេះ៕ អត្ថបទ៖ វង្ស សុភាព
