អ៊ីរ៉ាក់៖ អ្នកគាំទ្រក្រុមនិកាយស៊ីអ៊ីតដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅទីក្រុង Baghdad និង Basra កាលពីថ្ងៃសុក្រដើម្បីរិះគន់គូប្រជែងរបស់ពួកគេ ជាអ្នកប្រតិបត្តិតាមបុព្វជិតនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពលម្នាក់ ដែលបានសម្រុកចូលសភាកាលពីខែមុន ហើយចាប់តាំងពីពេលនោះមកបានតវ៉ានៅខាងក្រៅអគារសភា ក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់។

ការប្រជែងគ្នារវាងភាគីទាំងពីរបង្ហាញពីការបែងចែក នៅក្នុងសហគមន៍ស៊ីអ៊ីតរបស់ប្រទេសអ៊ីរ៉ាក់ ដែលបង្កើតបានប្រមាណ 60% នៃប្រជាជនអ៊ីរ៉ាក់មានជាង 40លាននាក់។ បុព្វជិតលោក Muqtada al-Sadr ជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះអំពើពុករលួយ ដែលកំពុងរាលដាលនៅក្នុងប្រទេសសម្បូរប្រេង ដែលត្រូវបានហែកហួរដោយអំពើហិង្សាជាច្រើនទសវត្សរ៍មកនេះ ដោយហេដ្ឋារចនាសម្ព័ន្ធបានដួលរលំ និងប្រជាជនភាគច្រើនធ្លាក់ក្នុងភាពក្រីក្រ និងកង្វះសេវាជាមូលដ្ឋាន។
ក្នុងអំឡុងពេលការប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ក្រុមបាតុករមកពីក្របខណ្ឌសម្របសម្រួលជាសម្ព័ន្ធភាពនៃភាគីគាំទ្រដោយអ៊ីរ៉ង់ មិនបានព្យាយាមចូលទៅក្នុងតំបន់បៃតងដ៏រឹងមាំរបស់ទីក្រុង Baghdad នោះទេ ជាកន្លែងរបស់សភាអ៊ីរ៉ាក់ អគាររដ្ឋាភិបាល និងស្ថានទូតបរទេសនៅទីនោះ។ មុនពេលការប្រមូលផ្តុំគ្នា អាជ្ញាធរបានបិទផ្លូវដែលចូលទៅក្នុងតំបន់បៃតងដោយប្រើប្រាស់រនាំងថ្មធំៗ។ ការតវ៉ាប្រឆាំងបានកើតមានឡើងបន្ទាប់ពីលោក al-Sadr បានចេញកាលបរិច្ឆេទកាលពីថ្ងៃពុធដល់ស្ថាប័នតុលាការ ដោយទុកពេលមួយសប្តាហ៍ដើម្បីរំលាយសភា៕
អត្ថបទ៖ ប៊ុនថន