អ៊ុយក្រែន៖ អ្នកជំនាញអន្តរជាតិបានរិះគន់អង្គការណាតូ និងសហរដ្ឋអាមេរិកដែលបន្តបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន និងកំពុងជំរុញឱ្យមានវិបត្តិកើតមានបន្ថែមទៀត ដើម្បីធ្វើឲ្យឯកោ និងទប់ស្កាត់រុស្ស៊ី។ មូលនិធិអន្តរជាតិដើម្បីសន្តិភាព និងការស្វែងរកសម្រាប់អនាគតនៅទីក្រុង Lund ប្រទេសស៊ុយអែតបានចាត់ទុកអង្គការណាតូថា ជាសម្ព័ន្ធយោធាដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ដែលបានបំពានការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះរុស្ស៊ី ហើយគួរតែទទួលខុសត្រូវចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍រដ្ឋចិន (CCTV) សហស្ថាបនិកនៃវិទ្យាស្ថានស្រាវជ្រាវលោក Jan Oberg បានបង្ហាញថា អង្គការ NATO គឺហួសសម័យ ហើយគួតែត្រូវតែបានរំលាយ ព្រោះអង្គការនេះមិនអាចបង្កើតសន្តិភាពបាន។ ដោយសម្លឹងមើលពិភពលោកបច្ចុប្បន្ននេះ យើងគ្មានសន្តិភាពនោះទេ នោះហើយជាមូលហេតុដែលអង្គការ NATO ត្រូវតែរំលាយ។ អង្គការនេះបានបង្ហាញថា អស់រយៈពេល ៧៣ឆ្នាំមកហើយដែលមិនអាចបង្កើតសន្តិភាពបាន។ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមិនបានបង្ហាញសញ្ញាណាមួយនៃការធូស្រាលឡើយ ទោះបីជារយៈពេលប្រាំខែបានកន្លងផុតទៅដោយអង្គការណាតូ និងសហរដ្ឋអាមេរិកបានបញ្ឆេះវិបត្តិដោយការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
លោក John Feffer នាយកផ្នែកគោលនយោបាយបរទេស នៅវិទ្យាស្ថានសិក្សាគោលនយោបាយបាននិយាយទៅកាន់ទូរទស្សន៍ CCTV ថា សហរដ្ឋអាមេរិក និងអង្គការណាតូតែងតែមានមហិច្ឆតាក្នុងការទប់ស្កាត់រុស្ស៊ី។ ទោះបីជាកងកម្លាំងទាំងពីរនេះគ្មានជម្លោះផ្ទាល់ជាមួយរុស្ស៊ីក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែការព្យាយាមក្នុងភូមិសាស្ត្រនយោបាយនឹងបន្ត។ លោក Feffer បាននិយាយថា អ៊ុយក្រែននឹងបន្តក្លាយជាគោលដៅមួយនៃសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងប្រទេសលោកខាងលិច ដូច្នេះអ៊ុយក្រែននឹងបន្តក្លាយជាសមរភូមិរវាងរុស្ស៊ី និងប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុនថន