ឥណ្ឌូនេស៊ី៖ កងទ័ពមកពីសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ីបានធ្វើសមយុទ្ធប្រយុទ្ធរួមគ្នាប្រចាំឆ្នាំ កាលពីថ្ងៃសុក្រនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមានសញ្ញានៃការកើនឡើងសកម្មភាពដែនសមុទ្រ របស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទាហានជាង 5,000នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរីបានចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសមយុទ្ធត្រូវបានបង្កើតឡើងក្នុងឆ្នាំ2009។ សមយុទ្ធរួមគ្នាបានចាប់ផ្តើមកាលដើមខែនេះ ក្នុងប្រទេសឥណ្ឌូនេស៊ីនៅលើកោះស៊ូម៉ាត្រា និងកោះ Borneo។ សមយុទ្ធនេះក៏បានមកជួបប្រជុំគ្នាពីប្រទេសមួយចំនួនរួមមានចក្រភពអង់គ្លេស កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង នូវែលសេឡង់ ប៉ាពួញូហ្គីណេ និងទីម័រខាងកើតជាប្រទេសសង្កេតការណ៍។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការកសាងសម្ព័ន្ធភាពតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្រដៀងគ្នាទៅនឹងអង្គការណាតូថា ជាមធ្យោបាយបង្កជម្លោះដោយចេតនា។
មេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកលោក John C. Aquilino បាននិយាយថា ការគំរាមកំហែងគឺជាអ្វីដែលពួកគេកំពុងព្យាយាមបញ្ចៀស ដែលលោកបាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយមេបញ្ជាការយោធាឥណ្ឌូនេស៊ីលោក Andika Perkasa កាលពីថ្ងៃសុក្រនៅទីក្រុង Baturaja ជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង។ លោក Aquilino បាននិយាយថា ប្រទេសចំនួន 14 ដែលបានមកចូលរួមក្នុងសមយុទ្ធជាក់ស្តែងនេះ បានបញ្ជូនកងកម្លាំងអន្តរប្រតិបត្តិការដើម្បីធានាបានថា កងកម្លាំងរបស់ពួកគេអាចមករួមគ្នា និងគាំទ្រនូវអ្វីដែលចាំបាច់ក្នុងគ្រាមានវិបត្តិ។ យើងនឹងបន្តជួយផ្តល់ឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ដែលបំណងរបស់យើងគឺដើម្បីកសាងទំនាក់ទំនង កសាងអន្តរប្រតិបត្តិការ និងត្រៀមខ្លួន ប្រសិនបើយើងត្រូវការដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុណាមួយ៕
អត្ថបទ៖ ប៊ុនថន