ភ្នំពេញ៖ កម្ពុជារកឃើញមនុស្ស ៦៩នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ១៩ ក្នុងនោះ ៦៨ករណី បានឆ្លងមេរោគផ្លូវដង្ហើមនេះ បន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយ ១ករណីជាការនាំចូលដោយពលករខ្មែរមកពីប្រទេសថៃ។
ក្រសួងសុខាភិបាល បានប្រកាសថា មនុស្ស៦៩នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩នៅថ្ងៃនេះ ដែលនាំឱ្យចំនួនមនុស្សឆ្លងមេរោគផ្លូវដង្ហើមមួយនេះនៅកម្ពុជាកើនឡើងដល់ចំនួន ២,៥៤៦នាក់នៅទូទាំងប្រទេសគិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ៦៨នាក់នេះ បានឆ្លងមេរោគកូវីដ១៩នេះ បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលនាំឲ្យចំនួនមនុស្សឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍មួយនេះ កើនឡើងដល់ចំនួន ២,០១៧នាក់ហើយគិតត្រឹមថ្ងៃនេះ ខណៈ១ករណីទៀត ក្រសួងថា ជាករណីនាំចូលដោយពលករខ្មែរមកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដែលត្រូវបានប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង ២៨នាក់ ភ្នំពេញចំនួន ២៣នាក់ ខេត្តកណ្ដាលចំនួន ១៣នាក់ និង ខេត្តព្រះសីហនចំនួន ៤នាក់។
គិតត្រឹមថ្ងៃទី០២ ខែមេសានេះ កម្ពុជាបានរកឃើញមនុស្សដល់ទៅ ២,៥៤៦នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងមេរោគនេះដំបូងនៅថ្ងៃទី២៧ ខែមករាឆ្នាំមុន ហើយក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន ១,២៥៦នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ខណៈអ្នកជំងឺ ១,២៧០នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕