កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សឹង សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង បានលើកយកទិសដៅការងារមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ជូនដល់សមាជិកសមាជិកាគណបក្សក្នុងស្រុកកំពង់លែង ដើម្បីត្រៀមលក្ខណៈសម្បត្តិ សម្រាប់តម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យទទួលជោគជ័យ និងលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តម សឹង សំណាង បានថ្លែងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីការបន្តគោរពស្រលាញ់គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងបានជួយស្រោចស្រង់អាយុជីវិតប្រជាជនអោយរួចផុតពីជម្ងឺកូវីដ១៩។
ឯកឧត្តមបានបន្តថា៖ កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់ និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែង ពីការចូលរួមចំណែកយ៉ាងសកម្ម និងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ៕ ហុង វាស្នា










