ភ្នំពេញ៖ អាកាសចរស៊ីវិល តាមរយៈវិទ្យាស្ថានជាតិអាកាសចរស៊ីវិល បានសហការជាមួយក្រុមហ៊ុន ប៊ូអ៊ីង របស់សហរដ្ឋអាមេរិក បានរៀបចំវគ្គសិក្សារយៈពេល៤ថ្ងៃ ដែលមានអ្នកជំនាញមកពីប្រទេសអង់គ្លេស ជាអ្នកបង្រៀនដល់មន្ត្រី អាកាសចរ, បង្រៀន ដល់មន្ត្រីបម្រើការងារនៅតាមអាកាសយានដ្ឋាននានា និងមន្ត្រីបម្រើការងារនៅតាមក្រុមហ៊ុន ហោះហើរក្នុងស្រុកទំាងអស់ ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខ ព្រលានជូនអ្នកដំណើរ ពិសេសពីរបៀបស៊ើបអង្កេតភេរវករ ដែលមានបំណងធ្វើ ភេរវកម្ម ក្នុងព្រលានអ្នកដំណើរ។
បញ្ជាក់ប្រាប់ BTV ឯកឧត្តម លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរស៊ីវិល បានប្រាប់ថា ស្របពេលកម្ពុជា កំពុងកសាងអាកាសយានដ្ឋានថ្មីៗបន្ថែមចំនួន២ គឺវគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់បំផុត ដើម្បីឱ្យមន្ត្រីអាកាសចរ មន្ត្រីបម្រើការងារនៅតាមអាកាសយានដ្ឋាននានា មន្ត្រីបម្រើការងារនៅតាមក្រុមហ៊ុនហោះហើរទំាងអស់ និងមន្ត្រីនៅវិទ្យាស្ថានជាតិអាកាស ចរស៊ីវិល បានពង្រឹងសមត្ថភាពលើការគ្រប់គ្រងព្រលាន ការប្រើប្រាស់ព្រលានដោយយកចិត្ត ទុកដាក់ ដើម្បីរក្សាសន្តិសុខសុវត្ថិ ភាពដល់អ្នកដំណើរ ពិសេសបានដឹងពីរបៀបស៊ើបអង្កេត តាមដានសកម្មភាព និងគោលបំណងរបស់ភេរវករ ដែលមានបំណង ចង់ធ្វើភេរវកម្មទំាងនៅព្រលានអ្នកដំណើរផ្នែកខាងក្រៅ និងផ្នែកខាងក្នុងឱ្យមានសុវត្ថិភាពបំផុត។
ឯកឧត្តម នាយកវិទ្យាស្ថានជាតិអាកាសចរស៊ីវិល បានបន្តថា តាមរយៈវគ្គនេះ គឺបានបង្ហាញច្បាស់ៗតែម្តង ក្នុងនោះត្រូវ តម្រូវឱ្យមន្ត្រីសន្តិសុខអាកាសចរ ត្រូវចេះបង្កប់ខ្លួនឱ្យដូចនឹងប្រជាជន ឱ្យដូចនឹងអ្នកដំណើរ ហើយត្រូវចេះ កំណត់មុខសញ្ញា និងភិនភាគរបស់ភេរវករ ដែលមានបំណងធ្វើភេរវកម្ម ព្រោះភេរវករ ជាទូទៅមិនមែនមកជាមួយក្មេង មិនមែនមកជាមួយមនុស្ស ចាស់ជរា មិនមែនមកដោយមិនមានអាវុធជាប់នឹងខ្លួននោះទេ ដូច្នេះវគ្គនេះបានបង្ហាញ ច្បាស់ៗ ហើយឯកឧត្តម សង្ឃឹមថា នៅថ្ងៃខាងមុខ កម្ពុជាកាន់តែមានអ្នកជំនាញច្រើន ដើម្បីគ្រប់អាកាសយានដ្ឋាន និងធានាសុវត្ថិភាពដល់អ្នកដំណើរ។
ចំណែកឯកឧត្តម ជា អូន រដ្ឋលេខាធិការ តំណាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានប្រាប់ថា វគ្គនេះពិតជាសំខាន់ ដូច្នេះឯកឧត្តម សូមអរគុណដល់ក្រុមហ៊ុន ប៊ូអ៊ីង និងស្ថានទូត អាមេរិក ប្រចាំកម្ពុជា ដែលបានជួយគំាទ្រដល់វគ្គបណ្តុះបណ្តាល ដោយឯកឧត្តម សង្ឃឹមថា កម្ពុជានឹងមានអ្នកជំនាញ បន្តដើម្បីពង្រីក ជំនាញស៊ើបអង្កេតភេរវកម្មដល់មន្ត្រីផ្សេងៗទៀត ហើយត្រូវយកចំណេះដឹងទៅអនុវត្តការងារឱ្យមាន ប្រសិទ្ធិភាពបំផុត៕
អត្ថបទ៖ គង់ រ៉េន
