ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ចេញនូវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូស ចាក់ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនអ្នករត់កង់បី រត់តាក់ស៊ី លក់ត្រី និងបន្លែបង្ការអ្វីជាដើមនោះឲ្យបានឆាប់រហ័សបំផុត ខណៈមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញមានស្ថានភាពអាក្រក់ ដោយបានបណ្តាលឲ្យមានការឆ្លងរីករាលដាលគួឲ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃនោះ។
យោងតាមសារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈតេលេក្រាម នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ បានដាក់បទបញ្ជា ជាបន្ទាន់ទៅកាន់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច នៃការចាក់ថ្នាំវ៉ាក់ការពារមេរោគកូវីដ១៩ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវធ្វើការរៀបចំជាបន្ទាន់ដោយត្រូវប្រមូលបញ្ជីឈ្មោះ និងទីតាំងឲ្យបានល្អក្នុងការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល ពួកគាត់ប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការណែនាំរបស់សម្តេចនាពេលនេះ គឺជាករណីបន្ទាន់ដើម្បីប្រើប្រាស់អស់ពីលទ្ធភាព ក្នុងគោលបំណងធ្វើយ៉ាងណាជួយដល់បងប្អូនប្រជាពលរដ្ឋទាំងនោះឲ្យរួចផុតពីសភាពការណ៍ដ៏អាក្រក់ក្នុងរាជធានីភ្នំពេញនេះ ដោយសារតែបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩នេះ។
សូមបញ្ជាក់ថា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានករណីឆ្លងមេរោគកូវីដ១៩ចំនួន២៥៤៦នាក់ហើយ ដោយក្នុងនោះ អ្នកជាសះស្បើយចំនួន១២៥៦ អ្នកកំពុងបន្តសម្រាកព្យាបាលនៅសល់ចំនួន១២៧០ខណៈ១៦នាក់បានស្លាប់បាត់បង់ជីវិតនោះ៕ អត្ថបទ៖ បាន ចក់