ភ្នំពេញ៖ បក្សប្រជាជនកម្ពុជានៅតែរឹងមាំ បើទោះបីយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងបក្សក្តី។ នេះបើតាមប្រសាសន៍របស់អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងសិក្ខាសាលាមួយនៅថ្ងៃនេះ។
មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី«ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅថ្ងៃទី១៤ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងថា «ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង»។ សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តមបន្តថា បទពិសោធន៍កន្លងមកដែលគណបក្សប្រជាជនបានឆ្លងកាត់ជាពិសេសដំណាក់កាលឆ្នាំ២០១៣ «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំ»។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បច្ចុប្បន្នប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្តដោយសារកម្ពុជាមានសន្តិភាពពេញបរិបូណ៍៕ អត្ថបទ៖ទូច សោភ័ណ








