អ៊ុយក្រែន៖ ប្រទេសចំនួន ៤២ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយបញ្ជាក់ថា វត្តមានរបស់ពួកគេនៅទីនោះបង្កការគំរាមដល់ប្រតិបត្តិការសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរ។

ខណៈដែលសារព័ត៌មាន European Pravda រាយការណ៍ ការអំពាវនាវនេះត្រូវបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រនៃគណៈប្រតិភូសហភាពអឺរ៉ុប រហូតដល់អង្គការអន្តរជាតិនានានៅក្នុងទីក្រុងវីយ៉ែន (Vienna)។ សេចក្ដីថ្លែងការណ៍នេះត្រូវបានចូលរួមដោយក្រុមសមាជិកសហភាពអឺរ៉ុបទាំងអស់ និងសហភាពអឺរ៉ុបក្នុងនាមជាម្ចាស់ហត្ថលេខីដាច់ដោយឡែកដូចជា៖ ប្រទេសន័រវេស ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវ៉េហ្ស៊េឡង់ ហ្ស៊កហ្ស៊ី ម៉ូលដូវ៉ា ម៉ាសេដូនីខាងជើង និងទួរគី។ ប្រទេសទាំងនេះបានបញ្ជាក់ជាថ្មីថា ការវាយលុករបស់សហព័ន្ធរុស្ស៊ីលើអ៊ុយក្រែន គឺជាការរំលោភដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីលើរោងចក្រថាមពលនុយក្លេអ៊ែរ បង្កមហន្តរាយដល់គោលការណ៍សុវត្ថិភាពនុយក្លេអ៊ែរ។
បណ្ដាប្រទេសទាំងនោះបន្ថែមថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងវត្តមានកងទ័ពរុស្ស៊ីនៅរោងចក្រថាមពលនុយក្លេអ៊ែរ បានបង្កើនឧបទ្ទវហេតុនុយក្លេអ៊ែរកាន់តែខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់ភ្លាមៗ នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងការបង្កើតតំបន់គ្មានកងទ័ពជុំវិញរោងចក្រនេះ៕
អត្ថបទ៖ សុខមាន