លើកទម្ងន់៖ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជំរុញឲ្យមន្ដ្រីបច្ចេកទេសរបស់ខ្លួនត្រូវខិតខំសិក្សារៀនសូត្រឲ្យកាន់តែច្រើនបន្ថែមទៀត ពិសេសពង្រឹងផ្នែកភាសាបរទេសដើម្បីត្រៀមប្រឡងយកសញ្ញាបត្រអន្ដរជាតិ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំសិក្ខាសាលា ស្ដីពីការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋមឆ្នាំ២០២២ ដោយជោគជ័យ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អនុប្រធានសហព័ន្ធដដែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសិក្ខាកាមជាមន្ដ្រីបច្ចេកទេសរបស់ខ្លួន សម្រេចបានក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមនេះ។ ប៉ុន្ដែក្រោយចប់វគ្គនេះលោកថា សិក្ខាកាមទាំងអស់ត្រូវសិក្សាជាច្រើនទៀត ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិមួយទៀតនាខែកញ្ញាខាងមុខ។
លោកបន្ដថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអន្ដរជាតិគឺមានសារៈសំខាន់ណាស់ ដែលមនុស្សជាច្រើនចង់ចូលរួម និងចង់បានសញ្ញាបត្រទទួលស្គាល់ពីវគ្គនេះ។ ហេតុនេះ មន្ដ្រីបច្ចេកទេសកីឡាលើកទម្ងន់កម្ពុជាត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនចូលរួម ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯង និងប្រទេសជាតិ ប្រសិនបើប្រឡងជាប់សញ្ញាបត្រអន្ដរជាតិ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិនោះ។ សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋមឆ្នាំ២០២២ ធ្វើឡើងរយៈពេល ២ថ្ងៃនៅថ្ងៃទី១៣-១៤ ខែសីហា ដោយមានសិក្ខាកាមចូលរួមចំនួន ៣៣នាក់។ ជាលទ្ធផលមានសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៣៥%, និទ្ទេសល្អបង្គួរ ៥៥% និងនិទ្ទេសមធ្យមចំនួន ១០%៕
អត្ថបទ៖ លី ឈុនឡា