ភ្នំពេញ៖ កម្ពុជា បានអនុម័តស្តង់ដារ មានចំនួនជាង ១ ពាន់ស្តង់ដាររួចហើយ និងបច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិ កំពុងជម្រុញបង្កើត និងងអនុម័តយកស្តង់ដារថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅស្រុក។
តាមរបាយការណ៍របស់វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បង្ហាញឲ្យដឹងថា វិទ្យាស្ថានបានកំពុងខិតខំប្រឹងប្រែង រៀបចំ កែសម្រួលស្តង់ដារអន្តរជាតិមួយចំនួន ឲ្យមកជាស្តង់ដារជាតិ, គិតមកដល់ពេលនេះកម្ពុជាបានអនុម័តស្តង់ដារ មានចំនួន ១ ០៣០ ស្តង់ដាររួចហើយ នឹងកំពុងជម្រុញបង្កើត និងអនុម័តយកស្តង់ដារថ្មីៗឲ្យបានច្រើនទៀត ជាពិសេសស្តង់ដារសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្មជាដើម។
វិទ្យាស្ថានស្តង់ដារកម្ពុជា បានចេញ និងបន្តវិញ្ញាបនបត្រប្រព័ន្ធសរុបចំនួន ៣៨ ក្នុងនោះរួមមានប្រព័ន្ធវិញ្ញាបនបត្រប្រព័ន្ធការអនុវត្តផលិតកម្មល្អ (GMP), វិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP), ចេញវិញ្ញាបនបត្រប្រព័ន្ធប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015), វិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងសុវត្តិភាពម្ហូបអាហារ ( ISO 22000: 2018) និងវិញ្ញាបនបត្របញ្ជាក់អនាម័យជាដើម។
ស្តង់ដាសំខាន់ៗ ដែលកម្ពុជាកំពុងដាក់ឲ្យប្រើប្រាស់រួមមាន៖ ស្តង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុន ស្តង់ដារផលិតផលផ្នែកឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ស្តង់ដាផ្នែកវិធីសាស្ត្រធ្វើតេស្ត, ស្តង់ដាផ្នែកសារធាតុគីមី, ស្តង់ដាផលិតផលផ្នែកសម្ភារសំណង់, ស្តង់ដាផលិតផលផ្នែកយានយន្ត, ស្តង់ដាផលិតផលផ្នែកផលិតផលពីកៅស៊ូ, ស្តង់ដាផលិតផលផ្នែកគ្រឿងសង្ហារឹមផលិតពីឈើ ស្ថិតក្នុងចំណោមស្តង់ដារផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី