អាមេនី៖ សំឡេងផ្ទុះខ្លាំងនៅទីតាំងស្តុកកាំជ្រួចបានបំផ្លាញទីផ្សារមួយកន្លែង ក្នុងរដ្ឋធានីប្រទេសអាមេនីកាលពីថ្ងៃអាទិត្យបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងប្រមាណ ៤0នាក់ផ្សេងទៀតរងរបួស និងបានបង្កឲ្យមានអគ្គិភ័យដ៏ធំ។

ការិយាល័យអភិបាលក្រុងបាននិយាយថា មានមនុស្សមិនស្គាល់អត្តសញ្ញាណមួយចំនួនបានជាប់នៅក្រោមគំនរបាក់បែក។ ការផ្ទុះបង្កឲ្យមានអគ្គិភ័យនៅផ្សារ Surmalu បានបញ្ចេញផ្សែងហុយពាសពេញទីក្រុង Yerevan។ លោក Levon Sardaryan អ្នកនាំពាក្យរបស់អភិបាលក្រុង Yerevan បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានធ្វើការ ដើម្បីទាញយកជនរងគ្រោះចេញពីគំនរបាក់បែក។ ការផ្ទុះនេះស្ថិតនៅក្នុងតំបន់ដែលមានកាំជ្រួចច្រើនត្រូវបានរក្សាទុក។ ក្រសួងសេវាសង្គ្រោះបន្ទាន់ប្រទេសអាមេនីនិយាយថា យ៉ាងហោចណាស់ ៥នាក់ស្លាប់ និង ៤0នាក់ផ្សេងទៀតបានរងរបួស៕
អត្ថបទ៖ ប៊ុនថន