ភ្នំពេញ៖ តារាងវាយតម្លៃចុងក្រោយ Asia Nikkei គិតត្រឹមដំណាច់ខែកក្តដាឆ្នាំ២០២២នេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ថាជាប្រទេសមានការទប់ស្កាត់ការពារកូវីដ១៩ ដើម្បីស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញបានល្អប្រសើរជាងគេនៅលើពិភពលោក។ សម្រាប់ពលរដ្ឋវិញមានមោទកភាពចំពោះប្រមុខថ្នាក់រាជរដ្ឋាភិបាល ហើយគេនឹងបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជម្រុញបន្តបន្ទាប់ទៀត និងបន្តរក្សា៣កុំ៣ការពារ ដើម្បីរក្សាចំណាត់ថ្នាក់ការវាយតម្លៃដ៏ល្អប្រសើរនេះ។
ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែសីហានេះ ថ្លែងថានៅដំណាច់ខែមិថុនានេះ Asia NIKKEI វាយតម្លៃកម្ពុជាស្ថិតក្នុងចំណាត់លេខ១ដោយសារកម្ពុជាទប់ស្កាត់មិនមានអ្នកឆ្លងកូវីដ១៩ថ្មី ប៉ុន្តែរហូតដល់ដំណាច់ខែកក្តដានេះវិញ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២លើពិភពលោក ដោយសារក្នុងរយៈពេលនេះកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគកូវីដអូមីក្រុងរង្វង់២០ទៅ៣០នាក់ស្ទើររៀងរាល់ថ្ងៃ តែការព្យាបាលក៏មានការជាសះស្បើយវិញច្រើនហើយគ្មានអ្នកស្លាប់នោះទេ។
ពលរដ្ឋថ្លែងថា យ៉ាងណាក៏ដោយ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណជាខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំងប្រទេសបានទាន់ពេលវេលា ធ្វើឲ្យពលរដ្ឋទូទាំងប្រទេសមានប្រព័ន្ធភាពស៊ាំ ហើយពលរដ្ឋក៏បានបន្ស៊ាំខ្លួនរស់ក្នុងបរិបទកូវីដ១៩ ដោយរក្សាបានការអនុវត្តវិធាន៣កុំ៣ការពារ ហើយអាចចេញប្រកបរកស៊ី ធ្វើអាជីវកម្មជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញបាន។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ពាក់ព័ន្ធនឹងការទទួលបានចំណាត់ថ្នាក់នេះដែរ មួយចំណែកធំ គឺវាអាស្រ័យលើបណ្តាពលរដ្ឋចូលរួមសហការ និងមានការសម្រេចចិត្តត្រឹមត្រូវរបស់បុគ្គល និងគ្រួសារនីមួយៗដោយត្រូវរួមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តទៀតរួមនឹងការអនុវត្តវិធានការ៣កុំ៣ការពារ ព្រមទាំងកុំភ្លេចអនុវត្តការបរិភោគអាហារឆ្អិនល្អ ហើយកុំឲ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេកផងដែរ។
ដោយឡែកបើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ក៏បានថ្លែងដែរថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អប្រសើរ ដែលបានផ្សព្វផ្សាយសារព័ត៌មានASIA NIKKEIទៅលើមជ្ឈដ្ឋានអន្តរជាតិនេះ គឺជារឿងដ៏ល្អ ហើយវាក៏បង្ហាញថា កម្ពុជាជាគោលដៅប្រទេស និងទេសចរណ៍មានសុវត្ថិភាព និងរួមចំណែកទាក់ទាញមជ្ឈដ្ឋានអន្តរជាតិចាប់អារម្មណ៍មកទស្សនាកម្ពុជា ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិមិនទាន់ចាក់វ៉ាក់សាំង គឺអាចមកទស្សនាកម្ពុជាបាន៕
អត្ថបទ ស៊ុម សុខជា
